អូក្លិន-នូវែលហ្សេឡង់ — នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
• ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
• ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
• លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។
គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ
ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖
• ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។
• ប្រសិទ្ធភាពការងារ៖ ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិ។
• តួនាទីជាស្ពានចម្លង៖ ត្រូវដើរតួនាទីយ៉ាងសកម្មជា “ស្ពានចម្លង” ដ៏រឹងមាំសម្រាប់អ្នកវិនិយោគ និងជាច្រកចេញដ៏សំខាន់សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។ មួយវិញទៀត, កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការលក់ និងការគាំទ្រការបញ្ជាទិញកសិផលខ្មែរនេះ មិនត្រឹមតែជាការពង្រីកទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុង ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានតម្លៃបន្ថែម និងទីផ្សារដែលមានស្ថិរភាព។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារថ្មីៗ និងការធានាថា រាល់កិច្ចវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាកម្លាំងចលករក្នុងការជួយដល់បងប្អូនកសិករនៅមូលដ្ឋានផ្ទាល់។



































