ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យមន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យបានដឹងពីផលវិបាក នៃ «ជំងឺប៉េស្តជ្រូកអាហ្វ្រិក» ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំុ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងមន្ត្រីអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត។
ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្ត អភិបាលខេត្ត ក្នុងការអនុវត្តវិធានការជីវសុវត្ថិភាព រួមនិងការបាញ់ថ្នាំសម្លាប់មេរោគ បច្ចុប្បន្ននេះស្ថានភាពជ្រូកនៅតំបន់ផ្ទុះជំងឺភូមិឫស្សីជួរខាងត្បូង មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយគិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ គឺពុំមានសត្វជ្រូកងាប់បន្តទៀតឡើយ។
ទន្ទឹមនេះអាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ ត្រូវបន្តសហការជាមួយក្រុមអន្តរាគមន៍ពេទ្យសត្វយ៉ាងសកម្មបន្តតាមដានឃ្លាំមើល អប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការនានាទប់ស្របតាមតាមប្រកាសរបស់ក្រសួងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីទប់ស្កាត់ការរីករាលដាល និងការកើតឡើងថ្មីនៃជំងឺនេះ៕