ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ត្រីម្នាក់ប្តឹង ឧត្តមសេនីយ៍ឯក លន់ សុធី និងបក្ខពួកទៅ ACU រឿងលួចធ្វើប្លង់យកដី

 

ភ្នំពេញ៖ ស្រ្តីវ័យ ៦២ឆ្នាំ ម្នាក់រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចចិត្តដាក់ពាក្យប្តឹង លោកឧត្តមសេនីយ៍ឯក លន់ សុធី នាយរង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងបក្ខពួកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

យោងតាមពាក្យបណ្តឹងរបស់លោកស្រី ប៉ុល ពិសី បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ១៩៩៧ និង១៩៩៨ លោកស្រីបានទិញដីមួយកន្លែងទំហំ ៨០ម៉ែត្រ គុណនឹង៦០ម៉ែត្រ មានទីតាំងភូមិ១ (ដូរភូមិ៩) សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះ សួន សូនី, ព្រំ អូន,  កើត អួច,ហួត ជុន និងឈ្មោះ ហ៊ឹម សៅ ដោយមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវតាមច្បាប់។

លុះដល់ឆ្នាំ២០១៤ ស្រាប់តែមានលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន បានឲ្យមន្ត្រីធ្វើប្លង់យកដីរបស់លោកស្រីទាំងអស់។

ក្រោយកមកស្រី ប៉ុល ពិសី បានដាក់ពាក្យប្តឹងគ្នាជាមួយលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន ប៉ុន្តែលោកស្រីចាញ់ក្តីរហូតតាំងពីសាលាដំបូងខេត្តព្រះសីហនុ រហូតតុលាការកំពូល។

លោកស្រី ប៉ុល ពិសី បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើការស៊ើបអង្កេតលើករណីនេះឲ្យបានស៊ីជម្រៅ ជាពិសេសឯកសារប្លង់រឹងដីធ្លីលេខ 18010301-3410 ដោយលោកស្រីសង្ស័យថា វាជាប្លង់ដីដែលកើតឡៀងពីការគប់គិតគ្នារវាងលោកឧត្តមសេនីយ៍ឯក លន់ សុធី និងមន្ត្រីជំនាញនៅក្នុងខេត្តព្រះសីហនុ ។

ជុំវិញ ការចោទប្រកាន់នេះ លោកស្រី សេង ដាលីន បានប្រាប់អ្នកសារព័ត៌មានថា លោកស្រី និងប្តីគឺជាម្ចាស់កម្មសិទ្ធិលើដីធ្លីស្របច្បាប់ ដោយមានប្លង់កាន់កាប់ដែលបញ្ជាក់ និងចេញជូនដោយអាជ្ញាធរជំនាញ។ ដូច្នេះលោកស្រី និងប្តីលោកស្រី ចាត់ទុកថា ការប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរបស់ឈ្មោះ ប៉ុល ពិសី គឺមិនត្រឹមត្រូវនោះទេ៕