ភ្នំពេញ៖ លោក ហួ៊ត ជា នាយកប្រតិបត្តិក្រុមហ៊ុន ហួ៊ត ជា នាំចូលនិងចែកចាយសម្ភារៈសំណង់បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនឈ្មោះ ហូ៊ត ជា នាំចូល និងចែកចាយសម្ភារៈសំណង់ បានប្រកាសលក់ម៉ាកយីហោអាជីវកម្មដល់សហគ្រិនវ័យក្មេងនៅកម្ពុជាចាប់ពីពេលនេះទៅ ដល់អ្នកដែលមានបំណងចង់ចាប់ផ្តើមបើកអាជីវកម្មដំបូង ដោយគ្រាន់តែទិញសិទ្ធិអាជីវកម្មរួចជាស្រេចពីក្រុមហ៊ុន ហួ៊ត ជានោះអ្នកនឹងអាចបើកអាជីវកម្មបាន។
លោកបានមានប្រសាសន៍បន្តទៀតថា« ពីមុនក្រុមហ៊ុនហួ៊ត ជា គ្រុបវិនិយោគនាំចូលគ្រឿងសំណង់ពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការលើវិស័យសំណង់ ប៉ុន្តែដោមើលឃើញពីឱកាសថ្មីៗថែមទៀតនោះ ក្រុមហ៊ុនបានសប្រកាសលក់ម៉ាកយីហោ ដល់អ្នកចង់បង្កើតអាជីវកម្មថ្មីថ្មោង ជាពិសេសសហគ្រិនវ័យក្មេង ដោយមិនចាំបាច់ត្រូវការដើមទុនច្រើនម៉ឺនដុល្លារនោះ»។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនមានគំរូអាជីវកម្មស្រាប់ ដោយគ្រាន់តែម្ចាស់អាជីវកម្មគោរពគោលការណ៍ក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ហើយក្រុមហ៊ុនវិនិយោគលក់សិទ្ធិអាជីវកម្មនេះ គឺសមស្របទៅតាមការរីកចម្រើនវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ខណៈសម្ភារៈសំណង់កំពុងតែមានតម្រូវការច្រើន ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគបន្តអាចរកប្រាក់ចំណូលបានខ្ពស់។
អ្នកវិនិយោគបានចាត់ទុកថា បច្ចុប្បន្ននេះក្រុមហ៊ុនបានពង្រីកសាខារហូតដល់ទៅជិត២០ សាខានៅទូទាំងប្រទេសកម្ពុជា និងបានទិញសិទ្ធិអាជីកម្មនេះ ដោយគ្រាន់ទិញសិទ្ធិអាជីកម្មជំហ៊ានដំបូងត្រឹមតែ២ ពាន់ដុល្លារឡើងទៅតែប៉ុណ្ណោះ នឹងអាចក្លាយជាដៃគូររបស់ក្រុមហ៊ុននិងអាចយកសម្ភារៈជាច្រើនប្រភេទពីក្រុមហ៊ុនដោយមិនមានកំណត់ផងដែរ។
ស្ថាបនិកក្រុមហ៊ុន ហួ៊ត ជា បានអះអាងទៀតថា ក្រុមហ៊ុនបាននាំចូលសម្ភារៈសំណង់ផ្តាច់មុខពីប្រទេសចំនួន៥ ក្នុងនោះមានប្រទេស អេស្ប៉ាញ ចិន ម៉ាឡស៊ី ថៃ និងប្រទេសវៀតណាម ហើយតាមផែនការទៅមុខទៀត ក្រុមហ៊ុននឹងវិនិយោគពង្រីកសាខារហូតដល់ ៥០ទៀតនៅឆ្នាំ២០១៩នេះ ដោយសារតែមានការគាំទ្រពីអតិថិជននៅតាមបណ្តាខេត្តក្រុង។
លោកបានបន្ថែមទៀតថា ការទិញម៉ាកយីហោឬសិទ្ធិអាជីវកម្មនេះក្រុមហ៊ុននឹងមានអ្នកប្រឹក្សាយោបល់ជំនាញនិងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ដើម្បីធ្វើឲ្យអាជីវកម្មនោះទទួលបានជោគជ័យក្នុងអាជីវកម្មបានយ៉ាងងាយ។
ក្រុមហ៊ុនហួតជាបានប្រកាសបើកលក់យីហោ(Brand Hout Chea )លក់និងចែកចាយសម្ភារៈសំណង់ ដែលទម្រង់អាជីវកម្មមួយនេះមានឈ្មោះល្បីស្រាប់មិនពិបាកធ្វើអាជីវកម្ម ដោយគ្រាន់ទិញយីហោ និងចាយទុនវិនិយោគចន្លោះ ២ពាន់ដុល្លារ ឡើងទៅអាចប្រកបអាជីវកម្មបានតែម្តង។
អ្នកជំនួញខាងលើបានចាត់ទុកថា កត្តាសេដ្ឋកិច្ចកម្ពុជា កំពុងតែមានការរីកចម្រើននិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងនោះ ទើបជំរុញឲ្យអ្នកធ្វើអាជីវកម្មក្នុងស្រុកសម្រេចចិត្តវិនិយោគលើមាកយីហោល្បីៗដោយខ្លួនឯង ដោយមិនចាំបាច់ពឹងការទិញយីហៅល្បីៗពីក្រៅប្រទេសនោះទេ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនក្រៅប្រទេសបាននាំចូលយីហោម៉ាកល្បីៗ(Brand)ពីក្រៅប្រទេសកំពុងតែមានវត្តមានកាន់តែច្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះជាការវិនិយោគមួយដែលជំរុញឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបង្កើតការងារក្នុងស្រុកថែមទៀតផង។