អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុបានចាត់ទុកថា ការរីកលូតលាស់វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានសារៈសំខាន់ណាស់ក្នុងការជម្រុញសេដ្ឋកិច្ច និងអភិវឌ្ឍន៍មុខជំនួញ។
លោកឩកញ៉ា ហួត អៀងតុង ទីប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា វិស័យមីក្រួហិរញ្ញវត្ថុបានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទនៅកម្ពុជាសព្វថ្ងៃ វិស័យមួយនេះបានបន្សាំខ្លួនយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍អាជីវកម្មបន្ថែម។
លោកឩកញ៉ាបានលើកឡើងថា វិស័យហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចគឺ មានសារៈសំខាន់ណាស់ ព្រោះ គ្រឹះស្ថានទាំងអស់នោះបានទៅដល់ជិតប្រជាពលរដ្ឋ និងបានប្រាក់ទុន សម្រាប់បង្កើតមុខរបរបន្ថែម និងបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចគ្រួសារ។
អ្នកជំនាញបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានចុះបញ្ជីត្រឹមត្រូវគឺបានការពារផលប្រយោជន៍របស់អតិថិជន ហើយជាពិសេសការផ្តល់ឥណទានមានតម្លាភាព។
សម្រាប់ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ីបានថ្លែងថា ការកសាងនិងអភិវឌ្ឍន៍ប្រទេសមានចំណុចសំខាន់ៗចំនួន ៤ ទី១ ទុនធនធានមនុស្ស ទី២ ទុនធម្មជាតិ ទី៣ទុនសង្គម និងចំណុចទី ៤ ទុនផ្នែកហិរញ្ញវត្ថុ ហើយក្នុងចំណោមធាតុទាំងបួនគឺ ទុនហិរញ្ញវត្ថុមានសារៈសំខាន់ជាងគេ។
លោកបណ្ឌិតបន្តទៀតថា ខាងធនាគារនិងមីក្រូហិរញ្ញវត្ថុដែលបានផ្តល់ប្រភពទុនទៅអតិថិជនដើម្បីយកទៅអភិវឌ្ឍន៍មុខរបរ ចាប់ផ្តើមមុខរបរថ្មី និងពង្រីកមុខរបរថ្មីបន្ថែម ។ លើសពីនេះបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចគ្រួសារ។
អ្នកជំនាញលើកឡើងថា វិស័យហិរញ្ញវត្ថុពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការបង្កើតប្រាក់ចំណូលបន្ថែម និងរួចចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាឈានដល់ការកាត់បន្ថយភាពក្រីក្រ។