ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋវិទូរកម្ពុជាលើកឡើងអំពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង ចិន

ភ្នំពេញ៖ លោក បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានចាត់ទុកថា«បញ្ហាសាកលភាវូនីយកម្ម ដែលនាំមកនូវទាំងវិជ្ជមាននិងអវិជ្ជមាន សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសតូច នៅពេលដែលមហាអំណាចទាំងពីរលើសាកលលោកកំពុងតែប្រឈមមុខដាក់គ្នានោះ នាំមកនូវផលបះពាល់ទាំងអស់គ្នាមិនមែនតែប្រទេសកម្ពុជានោះទេ»។

សេដ្ឋវិទូកម្ពុជានិងអ្នកវិនិយោគថ្មីៗនេះបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគបរទេស ខណៈដែលសហរដ្ឋអាមេរិកកំពុងតែជម្លោះពាណិជ្ជកម្មនិងប្រទេសចិន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចបានចាត់ទុកប្រទេសចិនគឺ ជាប្រទេសឆ្លាតមួយ ដែលអាចទប់ស្កាត់នឹងការបង្កហេតុទប់ស្កាត់របស់អាមេរិក ហើយការរបាំងពាណិជ្ជកម្មនេះគ្រាន់តែជាការសាកល្បងគ្នាតែប៉ុណ្ណោះមិនអាចទៅជាសង្រ្គាមទេ តែគ្រាន់តែការតម្លើងសាច់ដុំដាក់គ្នាតែប៉ុណ្ណោះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែលើកទឹកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគបរទេស ដើម្បីទាញយកឱកាសនេះឲ្យបាន ខណៈបច្ចុប្បន្នភាពនៃជម្លោះពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ ដែលកំពុងប្រឈមមុខដាក់គ្នានៅស្ទើរគ្រប់វេទិកានានាជុំវិញតំបន់ និងពិភពលោក។

លោកឧកញ៉ាបានបញ្ជាក់ថា តាមពិតកម្ពុជាប្រៀបបានដូចជាស្រមោច គឺធ្វើយ៉ាងត្រូវចេះរស់តាមបែបផែនរបស់ស្រមោចផងដែរ ហើយក្នុងសភាពការណ៍ប្រទេសអាមេរិក និងចិនកំពុងតែមានជម្លោះនោះ ដើម្បីទទួលបានការវិនិយោគបាននោះ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែរៀបចំខ្លួនជាសម្រេចទាំងគោលនយោបាយអនុគ្រោះ និងសម្រួលបរិយាកាសវិនិយោគឲ្យបានល្អប្រសើរ។

អ្នកវិនិយោគខាងលើបន្ថែមថា ការពង្រឹងផ្ទៃក្នុងរបស់កម្ពុជានិងការសម្រួលដល់ការវិនិយោគពីប្រទេសចិនគឺជារឿងសំខាន់ ហើយធ្វើយ៉ាងណាអាចស្រូបទាញលំហូរទុនពីបរទេសឲ្យបានច្រើនបន្ថែមទៀត ហើយធ្វើយ៉ាងណាត្រូវពង្រឹងការអភិវឌ្ឍក្នុងស្រុក និងការកែច្នៃផលិតផល ដែលមានស្រាប់ ដើម្បីប្រកួតប្រជែងនិងផលិតផលពីក្រៅប្រទេស។

បច្ចុប្បន្ននេះ អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ។

តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងចិន បានធ្វើឲ្យទំហំទុនវិនិយោគរបស់ចិន នៅកម្ពុជាកើនដល់៦៨០០ លានដុល្លារអាមេរិក កាលពីដំណាច់ឆ្នាំ២០១៨ថ្មីៗនេះ ហើយទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់លានដុល្លា កើនប្រមាណ៧% ធៀប និងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨៕