ភ្នំពេញ៖រយៈពេល ០៧ ខែ ក្នុងឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន ចំនួន ០៣ លើក ដែលជាជំនួយរបស់ប្រទេសជប៉ុន ផ្តល់ឲ្យកម្ពុជា សរុបជាទឹកប្រាក់ជាង ៥២លានដុល្លារអាម៉េរិក។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានឲ្យដឹងក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស ។
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន ជាបន្តបន្ទាប់ចំនួន ០៣ លើក ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០១៩ នេះ រួមមាន៖
លើកទី១ នៅថ្ងៃទី២០ កុម្ភៈ ២០១៩ ឯកឧត្តម HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចុះហត្ថលេខា នៅក្រសួងការបរទេស លើឯកសារស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន សរុបចំនួន ៤.៩៣៩ លានយ៉េន (ប្រមាណ ៤៣,៣៦ លានដុល្លារអាមេរិក) ដែលរួមមាន៖
•ឥណទានសម្បទាន សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី២» និង
•ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីធ្វើទំនើបកម្មកំពង់ផែ»។
ការចុះហត្ថលេខា លើកទី២ ធ្វើឡើងនៅថ្ងៃទី៣១ ឧសភា ២០១៩ នៅទីក្រុងតូក្យូ ក្រោមអធិបតីភាពសម្តចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ABE Shinzo នាយករដ្ឋមន្ត្រីជប៉ុន គឺស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ៥៣៩ លានយ៉េន (ប្រមាណ ៤,៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង២៖
•គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និង
•គម្រោងសាងសង់ឃ្លាំង Container Freight Station នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ការចុះហត្ថលេខា នៅថ្ងៃទី១៧ ខែកក្កដានេះ គឺជាលើកទី៣ ស្ដីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (ប្រមាណ ៤,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» តាមរយៈការផ្តល់គ្រឿងចក្រ Stabilizer (ប្រមាណ ១៥ គ្រឿង) សម្រាប់ជួសជុលផ្លូវថ្នល់នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ជប៉ុន គឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយ ដែលបានឆ្លើយតបទាន់ពេលវេលា និងចំគោលដៅនៃតម្រូវការអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា តាំងពីដើមទស្សវត្សរ៍ ១៩៩០ មក។ ហិរញ្ញប្បទានឥតសំណង ក៏ដូចជាឥណទានសម្បទានរបស់ជប៉ុន ដែលត្រូវបានចុះហត្ថលេខាកន្លងមក និងនៅថ្ងៃនេះ រួមចំណែកយ៉ាងសំខាន់នាំមកនូវជោគជ័យក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយនឹងជួយជំរុញឲ្យកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ក្រៅពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ យើងសង្កេតឃើញដោយពេញចិត្តនូវកំណើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមចំណែកពង្រឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែមទៀត៕