ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ:នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង៤,៣៤៤នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា,សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

យោងតាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ភ្នំពេញគឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈ​មណ្ឌល​​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមាន​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ។ រាជធានីភ្នំពេញមានផ្ទៃដីសរុប ៦៩៥,៤៦គីឡូម៉ែត្រក្រឡា បែងចែកជា១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជាត្រង់ទន្លេចតុមុខ ដែលជាចំណុចប្រសព្វរវាងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់​ខាងលិចទល់នឹង​ស្រុកអង្គ​ស្នួល ខាងកើតទល់នឹងក្រុងអរិយក្សត្រ និងស្រុកកៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល និងស្រុក​ពញា​ឮ ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។ភ្នំពេញមានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា ២,៣លាននាក់ និងប្រជាជនស្នាក់​នៅបម្រើ​ការ​ងារប្រមាណជា៨០ម៉ឺននាក់ ក្នុងអត្រាកំណើន០,៦ភាគរយក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.៤៦៥នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ទីរពាក់ព័ន្ធនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសជូនដល់ជនរួមជាតិទាក់ទងទៅនឹង
ការបោសសម្អាត​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺនៅតែជាកិច្ចការចាំបាច់សម្រាប់ប្រទេសកម្ពុជា។សម្ដេចបានបញ្ជាក់ថា ការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះត្រូវធ្វើឡើងទន្ទឹមគ្នារវាង​ការ​បោសសម្អាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធនឹងរឿងនេះ។ វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចបានស្នើដាក់ចេញជា២កម្រិត ដោយកម្រិតទី១ គឺអ្នកដែលជាប់ពាក់ព័ន្ធនោះ មិនត្រឹមតែដកតំណែងនោះទេ គឺត្រូវចោទប្រកាន់លើផ្លូវតុលាការ​ទៀត និងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត និងកម្រិតទី២ គឺត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ សម្ដេចបានបញ្ជាក់ទៀតថា បើអភិបាលខេត្ត,អភិបាលស្រុក ណាដែលមិនចូលរួមក្នុងការអនុវត្តអំពើឆបោកតាមអនឡាញនេះ គឺស្នើឱ្យដកចេញពីតំណែង ហើយគ្មានការយោគយល់នោះទេ
កុំថាឡើយកូនមេដឹកនាំមាន​គុណសម្បត្តិចំពោះជាតិ កុំនិយាយថាបានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ គឺមិនមានការយោគយល់ឡើយ។ កម្ពុជាត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
សម្តេចតេជោក៏បានណែនាំឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាត្រូវពិនិត្យមើលលើការងារនេះ។ ជាមួយគ្នានោះ សម្តេចតេជោក៏បានបង្ហើបឱ្យដឹងទៀតថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាផងដែរ ហើយសម្តេចបានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេ​នគរបាល និងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យានេះ។

នៅព្រឹកនេះ សម្តេចតេជោក៏បានមានប្រសាសន៍គាំទ្ររាជរដ្ឋាភិបាលដែលឲ្យកងទ័ព និងនគរបាលទាំងអស់ បើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ ដែលនេះបង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋ និងក៏ឲ្យប្រាកដពីចំនួនច្បាស់លាស់ មិនត្រូវបានបាត់បង់។ សម្តេចតេជោបានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ សម្តេចតេជោក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

សម្ដេចតេជោសុំឱ្យអាជ្ញាធររាជធានីភ្នំពេញទាំងអស់ត្រូវចូលរួមសម្រេចឲ្យបាននូវភាពជោគជ័យ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង(ហ្វ្រង់កូហ្វូនី) នៅពេលខាងមុខ ដោយកម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះ ជាពិសេសរាជធានីភ្នំពេញត្រូវទទួលរៀបចំនូវកិច្ចប្រជុំដ៏មានសារៈសំខាន់។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃរាជធានីភ្នំពេញ ដែលបានរួមសហការគ្នាអភិវឌ្ឍទីក្រុងឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕