ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

(ខេត្តព្រះសីហនុ)៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា បានរៀបចំនូវសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ សាខាព្រះសីហនុ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ផឹង វីរៈ អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោកស្រី សេង សុភា នាយិកាសាខា នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីក.ប.ប. ខេត្តព្រះសីហនុ លោក/លោកស្រីសាស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ សរុបចំនួន ១២០រូប។

សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពាក់ព័ន្ធនឹង៖
– តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាពិសេសការត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញនៅលើទីផ្សារ តាមមធ្យោបាយធ្វើដំណើរ និងនៅតាមបណ្តាឃ្លាំងស្តុកទុក ចែកចាយ លក់ដុំ និងលក់រាយ
– យន្តការនៃការទទួលនិងដោះស្រាយបណ្តឹង និង
– ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ អនុវត្តនូវសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់និងរាយការណ៍ទៅកាន់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៅពេលជួបប្រទះការបំពានសិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.ccfdg.gov.kh ឬតាមរយៈ CCF Complain App៕