ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេ និងទំនិញម្ហូបអាហារ ពិសេសត្រីសាម៉ុន និងត្រីត្រោត

ភ្នំពេញ ៖នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេ និងទំនិញម្ហូបអាហារ ពិសេសត្រីសាម៉ុន និងត្រីត្រោត។ ជាលទ្ធផល មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។ ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់ជូនតំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងបានធ្វើការពិន័យអន្តរការណ៍ហាងចរណៃស្របតាមមាត្រាច្បាប់ខាងលើក្នុងចន្លោះពី១០លានទៅ ២០លានរៀល។ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានណែនាំឱ្យតំណាងម្ចាស់ហាងចរណៃ កែតម្រូវបន្ទាន់ទៅគ្រប់ទីតាំងលក់តាមរាជធានី ខេត្ត ដោយត្រូវលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃ ប្រភេទត្រី និងដាក់តាំងដោយឡែកពីគ្នានៃផលិតផលទាំងនោះ ដើម្បីអោយអ្នកប្រើប្រាស់ទទួលបានព័ត៌មានពិតពីផលិតផល និងជ្រើសរើសដោយគ្មានភាពភាន់ច្រលំ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មនឹងបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីការពារអ្នកប្រើប្រាស់ ក៏ដូចជាធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារដោយសុចរិត និងសូមធ្វើការអំពាវនាវដល់សាធារណៈជនទាំងអស់ មេត្តាបន្តចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីអំពើដែលប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ ឬប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ដោយអនុគ្រោះ។