ភ្នំពេញ៖ ភរិយា ឧកញ៉ា វណ្ណ សុខហេង ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តព្រះសីហនុទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់«ជាតូបការ»ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃសៅរ៍ទី ២៧ ខែមិថុនាឆ្នាំ២០២៦នាកម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ពិធីនោះគឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីផងដែរ។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី ២៧ មិថុនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបើកចំហរវាង រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ជាពិសេសផ្នែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេស។
ការសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជននិយាយជារួម និងសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា និយាយដោយឡែក។
ការកំណត់រៀបចំទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមគឺជាវេទិការាជរដ្ឋាភិបាល និង MSME ដើម្បីពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការគោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួង/ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ សមាគមវិស័យឯកជន ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។
រាជរដ្ឋាភិបាលបានចាត់ទុក MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច។ ដើម្បីគាំទ្រដល់វិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគ្រឹះដើម្បីបង្កើតភាពប្រកួតប្រជែងរបស់វិស័យឯកជន។



