ភ្នំពេញ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួបពិភាក្សាជាមួយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវសក្តានុពលនៃតម្រូវការហិរញ្ញប្បទានបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ រីឯ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចូលរួមកោតសរសើរ និងសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងកិច្ចការ ការពារបរិស្ថាន និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ក៏ដូចការរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អភិរក្សមួយចំនួន។
បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ជាព័ត៌មានបន្ថែមជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីប្រភេទផលិតផលហិរញ្ញប្បទានបៃតងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលក្នុងនោះរួមមាន៖ ហិរញ្ញប្បទានបៃតងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងហិរញ្ញប្បទានបៃតងក្រោមក្របខណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Financing Facility)នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ ជាលទ្ធផល, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថានក្នុងការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតងដល់គម្រោងរបស់ក្រសួងបរិស្ថាន ដែលចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (mitigation) និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (Adaptation)។



