ភ្នំពេញ៖ កសិករជាច្រើនគ្រួសារនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលភាគច្រើនទទួលយកឥណទានពីធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឱកាសច្រើនដល់ប្រជាពលរដ្ឋនិងអាជីវករ ដែលកំពុងតែជួបបញ្ហាជីវភាព ដូចជាតម្រូវការដើមទុនយកទៅពង្រីកមុខរបរ និងអាជីវកម្មផ្សេងៗ ហើយជាក់ស្តែងការដែលពួកគាត់យកឥណទានទៅធ្វើទុនរកស៊ីដាំដុះដំណាំផ្សេងៗ បានជំរុញឲ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង។
ពួកគាត់បានលើកឡើងទៀតថា មុនពេលទទួលបានឥណទានពីធនាគារ ស្ថានភាពគ្រួសារពួកគាត់មានការលំបាកច្រើន ហើយបន្ទាប់ពីទទួលបានថវិកាពីធនាគារយកទៅដំាដុះដំណាំនិងបន្លែ រយៈ ពេលប៉ុន្មានឆ្នាំនេះធ្វើឲ្យជីវភាពគ្រួសាររឹតតែប្រសើរផងដែរ ។
លោក ហៀង ហៃ នាយកសាខាធនាគារអេស៊ីលីដាប្រចាំនៅស្រុកមុខកំពូល ខេត្តកណ្តាលបានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាបានធ្វើប្រតិបត្តិការនៅឃុំចំនួន៩ស្ថិតនៅស្រុកមុខកំពូលខេត្តកណ្តាលនេះ ហើយមុខរបរជាអទិភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះភាគច្រើនយកឥណទានពីធនាគារអេស៊ីលីដាទៅបំពេញបន្ថែមលើការងារសិប្បកម្ម ចិញ្ចឹមត្រី ដាំដុះដំណាំ និងអាជីវករលក់។
លោក ហៀង ហៃ បានបន្ថែមថា វិស័យធនាគារបានចូលរួមចំណែកច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពរដ្ឋតាមមូលដ្ឋាននិងរាជធានីភ្នំពេញ ហើយជាក់ស្តែងប្រជាពលរដ្ឋនៅស្រុកមុខកំពូលទទួលបានផលច្រើនធ្វើឲ្យកំណើនសេដ្ឋកិច្ចក្នុងស្រុករឹតតែប្រសើរថែមទៀតផង។
យោងតាមមន្រ្តីនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានបន្ថែមថា បច្ចុប្បន្ននេះធនាគារអេស៊ីលីដានៅស្រុកមុខកំពូល ខេត្តកណ្តាលមានអតិថិជនសរុបជាង២ម៉ឺននាក់ ហើយប្រជាពលរដ្ឋដែលមានមុខរបរជាអាទិភាពភាគច្រើនយកឥណទានពីធនាគារទៅពង្រីកអាជីវកម្ម ធ្វើជំនួញ ផ្នែកកសិកម្ម និងការចិញ្ចឹមសត្វ ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕