អាមេរិក៖ថ្ងៃទី01 ខែកក្តដា ឆ្នាំ 2026 នាទីក្រុង Long Beach, California៖ បន្ទាប់ពីចូលរួមពិព័រណ៍អាហារ Summer Fancy Food Show 2026 នៅទីក្រុងញូវយ៉ក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ដោយផ្តោតលើការស្វែងយល់ពីបណ្តាញចែកចាយ និងឱកាសពង្រីកទីផ្សារអង្ករកម្ពុជា ក្នុងសហគមន៍ខ្មែរ និងទីផ្សារអាមេរិកទូលំទូលាយ។
ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅ ផ្សារចតុមុខ របស់ខ្មែរ (Chaktomuk Market) ដែលជាផ្សារមួយមានការផ្គត់ផ្គង់ផលិតផលខ្មែរ និងអាស៊ីជាច្រើនប្រភេទ រួមទាំងអង្ករកម្ពុជា។ ប្រតិភូបានពិនិត្យដោយផ្ទាល់ពីការដាក់តាំងផលិតផល គុណភាពការវេចខ្ចប់ តម្លៃលក់ និងការឆ្លើយតបរបស់អតិថិជនចំពោះអង្ករកម្ពុជា ប្រៀបធៀបជាមួយអង្ករមកពីប្រទេសថៃ និងវៀតណាម។
ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដើម្បីឱ្យក្រុមហ៊ុននាំចេញអង្ករកម្ពុជា អាចកែលម្អគុណភាពផលិតផល ការវេចខ្ចប់ ការកសាងម៉ាក និងយុទ្ធសាស្ត្រទីផ្សារ ឱ្យស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងអ្នកនាំចូល។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងថា ទីផ្សារសហរដ្ឋអាមេរិក គឺជាទីផ្សារមានសក្តានុពលខ្ពស់សម្រាប់អង្ករកម្ពុជា ជាពិសេសអង្ករក្រអូបប្រណិត ដែលមានការទទួលស្គាល់ពីគុណភាពនៅលើទីផ្សារអន្តរជាតិ។ ការចុះសិក្សាទីផ្សារដោយផ្ទាល់ នឹងជួយឱ្យវិស័យឯកជនកម្ពុជាយល់កាន់តែច្បាស់ពីនិន្នាការទីផ្សារ និងពង្រឹងទំនាក់ទំនងជាមួយអ្នកនាំចូល អ្នកចែកចាយ និងម្ចាស់ផ្សារនៅសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញ បង្កើនការទទួលស្គាល់ម៉ាកអង្ករកម្ពុជា និងជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអាមេរិកឱ្យកាន់តែមានកំណើននាពេលអនាគត។ កម្មវិធីទស្សនៈកិច្ចនេះក្រុមការងារក៍បានពិនិតរកឃើញអង្ករកម្ពុជាប្រមាណជាង10ម៉ាកដែលបានវេចខ្ចប់ និងចែកចាយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាក់ស្តែងក្នុងរយៈពេលឆមាសទី01 ឆ្នាំ2026 កម្ពុជាបាននាំចេញមកសហរដ្ឋអាមេរិកបានចំនួនជាង7300តោនផងដែរ។


















