ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិត ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ស៊ិន ស៊ីដេត អគ្គនាយករង តំណាងឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក យឹម ចាន់វិសាល សាកលវិទ្យាធិការរង តំណាងលោកបណ្ឌិត មាស សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាសាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ១៨០រូប។

សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពាក់ព័ន្ធនឹង៖
– តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាពិសេសការត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញនៅលើទីផ្សារ តាមមធ្យោបាយធ្វើដំណើរ និងនៅតាមបណ្តាឃ្លាំងស្តុកទុក ចែកចាយ លក់ដុំ និងលក់រាយ
– យន្តការនៃការទទួលនិងដោះស្រាយបណ្តឹង និង
– ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់សិន្សិតទាំងអស់ អនុវត្តនូវសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៅពេលជួបប្រទះការបំពានសិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.ccfdg.gov.kh ឬតាមរយៈ CCF Complain App៕