ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាវិមានសន្តិភាពក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងនៅលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក។
សូមបញ្ជាក់ថា ក្រុមហ៊ុន MinebeaMitsumi
បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្នបាននិងកំពុងផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម។
