ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាចង់បានការពីវិនិយោគពីចិនថែមទៀតលើការកែច្នៃផលិតផលកសិកម្មដើម្បីពង្រីកការនាំចេញ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា«កម្ពុជាចង់បានការវិនិយោគបន្ថែមពីប្រ ទេសចិនលើឧស្សាហកម្មកែច្នៃនិងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយសារយើងមានកសិផលមិនទាន់កែច្នៃជាច្រើនដូចជាផ្លែស្វាយខេត្តកំពង់ស្ពឺ ផ្លែមៀនខេត្តប៉ៃលិន និងឈើហូបផ្លែជាច្រើនទៀត» ។

នៅក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក លី អាន (Li An) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន (ចប់អាណត្តិ)នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី២៤ខែកក្កដា ឆ្នាំ២០១៩។

លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារចិន តាមរយៈការចូលរួមព្រឹត្តិ ការណ៍ពិព័រណ៍នានានិងការបង្ហាញនៅតាមមជ្ឈមណ្ឌលពាណិជ្ជ កម្មកម្ពុជាស្ថិតក្នុងរដ្ឋធានី និងខេត្តចំនួន៥ នៃសាធារណរដ្ឋប្រជាមានិតចិន។

លោករដ្ឋមន្ត្រីបានស្នើភាគីចិនជួយសម្របសម្រួលការនាំចេញកសិផលខ្មែរ និងជួយកៀងគរក្រុមហ៊ុនចិន ដែលមានឯកទេសត្រឹមត្រូវមកវិនិយោគនៅក្នុងប្រទេសកម្ពុជាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

លើសពីនេះ លោករដ្ឋមន្ត្រីក៏បានសន្យាបន្តសហការជាមួយភាគី ចិនក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក(E-Commerce)ដើម្បីជំរុញការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក លី អាន និងប្រតិភូ បានថ្លែងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាណិជ្ជកម្ម និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសេចក្តីត្រូវការរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ស្របតាមចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកទីប្រឹក្សាទើបចប់អាណត្តិរូបនេះ បានណែនាំលោក វូ កៅ ក្វាន់ (Wu Guoquan) ដែលត្រូវចូលកាន់តំណែងទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដើម្បីបន្តបំពេញការងារជាមួយគ្នា លើកិច្ចការអទិភាពផ្សេងៗដែលប្រទេសទាំងពីរបានកំណត់។

លោក វូ កៅក្វាន់ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជ កម្មទ្វេភាគី តាមរយៈការជួយគាំទ្រការរៀបចំពិព័រណ៍ឬវេទិកាជំ រុញពាណិជ្ជកម្មទ្វេភាគី ដើម្បីផ្តល់ឱកាសដល់វិស័យឯកជននៃប្រទេសទាំងពីរ អាចស្វែងយល់សក្តានុពល និងចាប់ដៃគូធុរកិច្ចទៅវិញទៅមក។