ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនមួយនៅស្វីសបង្ហាញឆន្ទៈចង់ជួយអភិវឌ្ឍន៍វិស័យ TVETដល់កម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់ស្វីសដែលមានសាខារបស់ខ្លួននៅ៧០ប្រទេសនោះបានបង្ហាញគោលបំណងក្នុងការជួយដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងវិស័យមួយចំនួនទៀតដូចជា ឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ការបង្ហាញឆន្ទៈជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ហាក់រំលេចនូវក្ដីរំពឹងទុកឈានទៅសម្រេចគោលដៅបន្ថែមទៀតក្នុង គោលនយោបាយ «ធ្វើទំនើបកម្មវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» នៅកម្ពុជា។

គោលបំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Anshul Sonak អគ្គនាយកក្រុមហ៊ុន Planet One Education ដែលមានទីស្នាក់ការនៅប្រទេសស្វីស និងមានសាខាប្រមាណ៧០ប្រទេសជុំវិញពិភព លោករួមទាំងកម្ពុជាផងដែរ។

លោកAnshul Sonak លើកឡើងថា ការដែលក្រុមហ៊ុន Pla net One Education ចង់ជួបពិភាក្សាជាមួយ លោក បណ្ឌិតរដ្ឋមន្ត្រី នាពេលនេះគឺដើម្បីលើកបង្ហាញពីគោលបំណងចង់ជួយក្រសួង ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងវិស័យមួយចំនួនទៀតដូចជា វិស័យឧស្សាហកម្ម ទេស ចរណ៍ ថាមពល រ៉ែ កសិកម្ម សុខាភិបាល និងការកៀរគររកប្រភពធនធានហិរញ្ញវត្ថុជាដើម។

លោកបានបន្តថា កន្លងមក ក្រុមហ៊ុនរបស់លោកបានធ្វើការលើវិស័យទាំងនេះនៅប្រមាណ ២០ប្រទេស ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតាមបណ្ដាប្រទេសនានានៅតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុបផងដែរ ដោយទទួលបានលទ្ធផលជោគជ័យ។

លោកបន្តទៀតថា ក្រុមហ៊ុនចង់ជួយអភិវឌ្ឍន៍ជំនាញ TVET នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ប៉ុន្តែមិនទាន់ដឹងថា តើរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យក្រុមហ៊ុនលោកជួយលើវិស័យណាផ្សេងទៀត ដូច្នេះក៏ស្នើសុំការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដើម្បីរៀបចំគម្រោងពាក់ព័ន្ធបន្តទៀត។

លោកបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង បានមានប្រសាសន៍ថា កម្ពុជាពិតជាស្វាគមន៍ចំពោះបំណងចង់ជួយអភិវឌ្ឍដល់កម្ពុជាពីសំ ណាក់ក្រុមហ៊ុន Planet One Education ខ្លាំងណាស់ដូច្នេះហើយលើកសំណើមួយចំនួនដល់ក្រុមហ៊ុនឱ្យពិនិត្យ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងបន្តទៀត។

លោកបណ្ឌិតរដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញលើការគាំទ្រដល់ការធ្វើទំនើបកម្ម TVET របស់កម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរពី ព្រោះនៅកម្ពុជាបច្ចុប្បន្ន កំពុងមានការរីកចម្រើនលើវិស័យឧស្សា ហកម្ម លំហូរនិវិយោគិនពីបរទេសក៏កាន់តែមានការកើនឡើងជាហេតុបណ្ដាលឱ្យកម្ពុជាជួបនូវកង្វះកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបណ្ឌិតបានលើកឡើងថា ដំណោះស្រាយនៅចំពោះមុខបញ្ហាកម្លាំងពលកម្មជំនាញនេះពិតជាមានសម្រាប់រាជរដ្ឋាភិបា លកម្ពុជា ដោយក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលបានបង្កើត គោលនយោបាយ កម្មវិធីអភិវឌ្ឍ យន្តការដោះស្រាយ បង្កើតសា លាបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាជាច្រើនដាក់ពង្រាយនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជាក៏ចាំបាច់ត្រូវការការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគ អង្គការជាតិ-អន្តរជាតិ ព្រមទាំងផ្នែកឯក ជននានាចូលរួមធ្វើកិច្ចការនេះជាមួយគ្នាផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា«យើងខ្ញុំពិតជាត្រូវការក្រុមហ៊ុនរបស់អស់លោកជួយធ្វើកិច្ចការងារនេះណាស់»។

សូមជម្រាបថា នេះមិនមែនជាលើកដំបូងឡើយដែលក្រុមហ៊ុនបានជួយដល់កម្ពុជា ដោយកាលពីពេលកន្លងទៅ ក្រុមហ៊ុនក៏បានជួយសាងសង់អគារមន្ទីរពេទ្យ និងបណ្ដុះបណ្ដាលជំនាញសុខាភិបាល ដល់សិក្ខាកាមកម្ពុជាមួយចំនួនទៀតផងដែរ៕