កំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចាប់ខ្លួនបុរស៣នាក់ និងស្ត្រីម្នាក់ នៅពេលពួកគេកំពុងតែរានសម្ងាតព្រៃលិចទឹក នៅក្នុងតំបន់ការពារសម្រាប់ជាជម្រកត្រីពងកូន។
លោកវរសេនីយ៍ទោ ស សុបិន្ត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃអធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា ការចាប់ខ្លួននេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ នៅពេលត្រាក់ទ័រចំនួន២គ្រឿង និងមនុស្សចំនួន៤នាក់ ស្រីម្នាក់ កំពុងតែកិនរានដីព្រៃលិចទឹក ដើម្បីជាធ្វើស្រែប្រាំង នៅចំណុចវាលស្រង៉ែ តំបន់ផ្អែកដំបង ក្នុងទឹកដីឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនត្រូវចាប់ខ្លួនទាំង៤នាក់ មានឈ្មោះឈ្មោះ កៀម កុយ ភេទប្រុស អាយុ៤៤ឆ្នាំ, ឈ្មោះ វាន់ ណារ៉េត ភេទស្រី អាយុ៤០ឆ្នាំ អ្នកទាំង២រស់នៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ឈ្មោះ សឿន ដារ៉ូ ហៅ ក្រឹង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឈ្មោះ រួន ណារៀម ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឫស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមនឹងត្រាក់ទ័រ២គ្រឿង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៨នេះ៕