កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១ រសៀល ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ សមាគមសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសបរទេស និងភាពជាដៃគូប្រកបដោយចីរភាព (AOTS) ដឹកនាំដោយ លោក Michiaki Takahashi អ្នកជំនាញការ AOTS និងជាអ្នកប្រឹក្សាឯករាជ្យគាំទ្រការពង្រីក សហគ្រាសធុនតូច និងមធ្យម (SME) នៅក្រៅប្រទេស ក្នុងគោលបំណងស្វែងយល់អំពី ការគ្រប់គ្រង ប្រតិបត្តិការកំពង់ផែ និងគម្រោងអភិវឌ្ឍន៏កំពង់ផែទឹកជ្រៅ ដើម្បីភ្ជាប់ការដឹកជញ្ជូនរវាងកំពង់ផែក្រុងព្រះសីហនុ និងបណ្តាកំពង់ផែក្នុងតំបន់និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគពីប្រទេសជប៉ុន។











































