(ពោធិ៍សាត់)៖ ពីការស្វែងរកការងារនៅក្រៅស្រុក មកចាប់យកឱកាសការងារក្នុងស្រុក និងបង្កើនជំនាញសម្រាប់អនាគត អតីតពលករ និងយុវជននៅស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងទទួលបានជម្រើសថ្មីៗកាន់តែខិតជិតផ្ទះ ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ២ ៦៤៥កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅដល់ប្រជាពលរដ្ឋជាង ៧០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ យុវជនកំពុងស្វែងរកការងារ និងសិស្សទើបប្រឡងបាក់ឌុបរួច ក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ ”ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស ដែលប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ក្រសួងចង់ឱ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ជាពិសេសការងារក្នុងស្រុកនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលមិនត្រឹមតែផ្តល់ចំណូលសម្រាប់ខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំពេញតម្រូវការកម្លាំងពលកម្ម និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតក៏ទទួលបានការគាំពារតាមរយៈ ប.ស.ស. ខណៈការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព ការរើសអើង និងការរស់នៅឆ្ងាយពីក្រុមគ្រួសារ។
ទន្ទឹមនឹងការនាំការងារមកដល់មូលដ្ឋាន ឯកឧត្តមបានរំលេចថា ក្រសួងបានបើកឱកាសឱ្យប្រជាពលរដ្ឋ យកជំនាញមកបង្កើនតម្លៃខ្លួនឯង ដោយអ្នកមានជំនាញផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ អាចធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ។ ចំណែកយុវជន ក៏អាចចុះឈ្មោះរៀនជំនាញជាច្រើនដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលមានគ្រូបង្រៀន បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗស្របតាមតម្រូវការទីផ្សារការងារ។ ជាពិសេស សម្រាប់គ្រួសារងាយរងគ្រោះ នេះគឺជាឱកាសទទួលបានទាំងចំណេះ និងចំណូល ខណៈក្រសួងក៏កំពុងបន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ឈ្នួលខ្ពស់ដូចជានៅជប៉ុន កូរ៉េ សិង្ហបុរី ជាដើម។
ឯកឧត្តមជំរុញឱ្យយុវជន សិស្សានុសិស្ស និងអតីតពលករ រួសរាន់ចាប់យកឱកាសទទួលបានការបណ្ដុះបណ្ដាលកាន់តែលឿន គួរធ្វើដំណើរទៅទស្សនកិច្ច និងឈ្វេងយល់ពីជំនាញដ៏សម្បូរបែបនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយបន្តផ្សព្វផ្សាយឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់អ្នកដទៃទៀត ហើយអាចទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានអំពីឱកាសការងារ និងការរៀនជំនាញវិជ្ជាជីវៈ និង លេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងសេវា ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារចំនួន ២ ៦៤៥កន្លែង ដែលនាំមកដល់ស្រុកបាកានត្រូវបានជ្រើសរើសដោយក្រុមហ៊ុន និងសហគ្រាស រួមមាន ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ មីនេបៀ (ខេមបូឌា), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ខេត្តពោធិ៍សាត់, សិប្បកម្ម សានពៅ ,រោងចក្រ វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI)ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មង្គល អេចអ៕




























#MLVT #HENGSour