ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃុំខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ៖  លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដមំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនប្រធាន, អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ នៅពន្ធនាគារជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។

បន្ទាប់ពី លោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានសម្រេចចោទប្រកាន់លើឈ្មោះ លៀ ប៊ុនរឿម ជាប្រធានមន្ទីរ, ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តពោធិ៍សាត់ ពីបទ សម្អាតប្រាក់, បទ វីតិក្រម និង បទរំលោភអំណាច យោងតាមមាត្រា ៤០៤, មាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។

ជនត្រូវចោទទាំង ៣នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ឱម យ៉ិនទៀង បានឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់ខាងលើកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនត្រូវចោទទាំង ៣នាក់ ដោយសារតែពួកគេនាំគ្នាទាមទារ ថ្លៃសេវាពីថៅកែក្រុមហ៊ុនម្នាក់ ដែលមានបំណងសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ចំនួន ១០ម៉ឺនដុល្លារជាថ្នូរនឹងការចេញច្បាប់សាងសង់៕