ភ្នំពេញ៖ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីអំពី ការបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីសម្រេចលេខ ០៧២ សសរ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងមន្ត្រីចំនួន ៩រូប ដោយមានប្រធាន មួយរូប និងអនុប្រធានមួយរូប។
សេចក្តីសម្រេចដដែលនេះ បានប្រគល់ តួនាទី និងភារកិច្ច សំខាន់ៗមួយចំនួន ដល់ក្រុមការងារ រួមមាន៖
- ចុះធ្វេីអធិការកិច្ចលេីការងារសូរិយោដី ការងារសំណង់ ការគ្រប់គ្រងបុគ្គលិក និងការផ្ដល់សេវាសាធារណៈ
- ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ
- ធ្វើរបាយការណ៍លទ្ធផលនៃការធ្វើអធិការកិច្ចជូនក្រសួង
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ក្រសួង ។
សូមបញ្ជាក់ថា លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ គឺជាអតីតប្រធានការិយាល័យសុរិយោដី ក្រុងប៉ោយប៉ែត។
លោក ប្រាក់ ប៉ូលី នៅពេលឡើងកាន់ដំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ មានការរិះគន់ខ្លាំងចំពោះប្រព័ន្ធដឹកនាំការងាររបស់លោក ដែលឈានដល់មានសេចក្តីសម្រេចរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ក្រុមការងារឲ្យចុះទៅធ្វើអធិការកិច្ចដើម្បីស្វែងរកការពិតតែម្តង។
គួរកត់សម្គាល់ថា ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់ ក្នុងប្រទេសកម្ពុជាកំពុងមានហាងឆេងល្អ សេចក្តីរាយការណ៍អំពីភាពស្មុគស្មាញនៃនីតិវិធីផ្ទេរកម្មសិទ្ធិអចលនវត្ថុ និងការសុំច្បាប់សាងសង់ បង្កឡើងពីសំណាក់មន្ត្រីជំនាញមួយចំនួន ក៏ហាក់ផ្ទុះឡើងច្រើនផងដែរ។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏ទើបតែឃាត់ខ្លួនមនុស្ស ៣នាក់ រួមមាន ប្រធាន, អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើស ជំរិតទារប្រាក់ពីពលរដ្ឋ ប្រមាណជា ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់រោងចក្រ៕