មន្ត្រីសាលារាជធានីភ្នំពេញ កាលពីសប្តាហ៍មុន បានបានអះអាងថា នឹងសម្របសម្រួលករណីវិវាទដីធ្លីរ៉ាំរ៉ៃ រវាងលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអតីតយោធិនពិការម្នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការអនុវត្តន៍ដោយបង្ខំនូវសាលដីការបស់តុលាការ ដែលបង្កឲ្យមានអំពើហិង្សា។
ទាក់ទងករណីនេះ លោក មាស សុផាត បានស្នើសុំឲ្យមានការអន្តរាគមន៍ពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ។
លោកបានមានប្រសាសន៍ថា «ខ្ញុំបាទ សុំទទូចអង្វរដល់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាអាណិតអាសូរដល់រូបខ្ញ៉ំបាទផង។ សូមឯកឧត្តម មេត្តាជួយដោះស្រាយបញ្ចប់រឿងក្តីមួយនេះ ដើម្បីកូនចៅបានធូរស្រាលផ្លូវចិត្ត មានពេលវេលាព្យាបាលជំងឺ ឈឺរាំរៃ លើសឈាម ទឹកនោមផ្អែម រហូតដល់ថ្ងៃស្លាប់ក្រោមម្លប់សុខសន្តិភាព»។
ចំណែកតំណាងភាគីលោក កើត សារ៉េត ពេលនេះ មិនអាចសុំការពន្យល់បានទេ ប៉ុន្តែមកទល់ពេលនេះលោកហាក់ដូចជារក្សាជំហនៅដដែល ដោយលើកហេតុផលថា ខ្លួនជាអ្នកឈ្នះក្តី។
ដោយសារការប៉ុនប៉ងអនុវត្តន៍ដោយបង្ខំនូវជាច្រើនដង នូវសាលដីការបស់តុលាការកំពូល ផ្លូវចូលទៅផ្ទះយោធិនពិការ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លែងមានទៀតហើយ សូម្បីតែទំនប់ស្រះចិញ្ចឹមត្រីនៅខាងជើងផ្ទះ ក៏ត្រូវផ្តាច់អស់ដែរ គឺមិនអាចូលទៅដល់ផ្ទះឈើដ៏ចាស់រខេករខាកនេះបានឡើយ។
អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារលោក មាស សុផាត ជាយោធិនពិការនៅក្នុងសមរភូមិ បានកាយផ្តាច់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីការពារដីរបស់គាត់មិនឲ្យតុលាការចូលទៅរឹបអូសយកឲ្យទៅលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអំណាចសាលដីការបស់លោក ឌិត មន្ទីរ ប្រធានតុលារកំពូល។
ចំណែកនៅលើចំណីផ្លូវកាយផ្តាច់នេះ បានចងព្យួរបដាធំៗពីរ ដែលជាដីកាអមរបស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ផ្ញើទៅក្រសួងយុត្តិធម៌ និងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យបើកការស៊ើបអង្កេតឡើងវិញ ដើម្បីរកយុត្តិធម៌ជូនជនពិការរូបនេះ ដែលអះអាងថា ត្រូវឪពុកមារបស់ខ្លួនធ្វើប័ណ្ណកម្មសិទ្ធិដោយខុសច្បាប់។
រីឯនៅតាមជញ្ជាំងផ្ទះ មានព្យួររូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងរូបថតលោក ជា សុផារ៉ាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដោយអំពាវនាវសុំជួយរកយុត្តិធម៌ឲ្យគាត់ផង។
លោក មាស សុផាត បាននិយាយទៀតថា «ខ្ញុំនឹងដុតសម្លាប់ខ្លួននៅលើដីខ្ញុំ ហើយព្រលឹងខ្ញុំនឹងតាមទាមទារយុត្តិធម៌ពីលោក កើត សារ៉េត ដែលប្រើអំណាចប្លន់យកដីខ្ញុំ»។
យោងតាមដីកាបញ្ជូនរបស់លេខ៦២៨ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ របស់លោក ហូ សិទ្ធី ប្រធានខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកថា ការស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្អាកការអនុវត្តដោយបង្ខំ ធ្វើឡើងបន្ទាប់ពីលោក មាស សុផាត អាយុ៦០ឆ្នាំ អតីតទាហានពិការជើងម្ខាង និងមានមុខរបរជាកសិករចិញ្ចឹមត្រី រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្តឹងសុំអន្តរាគមមន៍ពីសម្តេចតេជោ ហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ ដែលចោទប្រកាន់លោក កើត សារ៉េត ថាបានបំពានយកដីរបស់ខ្លួនកំពុងរស់នៅតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ គឺមានរយៈ២៦ឆ្នាំហើយ។
លោក មាស សុផាត បានលើកឡើងថា នៅក្នុងឆ្នាំ១៩៩៤ លោកបានសុំដីបឹងនេះពីរដ្ឋអំណាយមូលដ្ឋាន ដើម្បីដាំឈូក ហើយរហូតដល់ឆ្នាំ១៩៩៥ លោកបានសុំការអនុញ្ញាតពីមន្ត្រីក្នុងមូកដ្ឋានដដែលនេះ ដើម្បីជីកធ្វើស្រះចិញ្ចឹមត្រីវិញម្តង ហើយជីកបានចំនួន២ស្រះ ដើម្បីធ្វើឲ្យជីវភាពបានធូរធារជាងមុន។
លោក មាស សុផាត បានចោទលោក កើត សារ៉េត ថា «គាត់អាងអំណាចជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ»។
ដោយសារមិនអស់ចិត្តនឹងការបោកប្រាស់នេះ ទើបមានការប្តឹងគ្នាទៅវិញទៅមក នៅសាលាដំបូងខេត្តកណ្តាល ដែលនៅទីនោះតុលាការបានយកតែបណ្ដឹងរបស់ កើត សារ៉េត មកពិចារណា ដោយមានចៅក្រមឈ្មោះ ស៊ិន វីរៈ ជាអ្នកកាត់ក្តីឲ្យម្ចាស់បណ្ដឹងឈ្នះ។
លោក មាស សុផាត បានដឹងថា ក្រោយមកភាគីអ្នកចាញ់ក្តីនៅសាលាដំបូងខេត្តកណ្តាល លោកបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយលោកចៅក្រម ប្លង់ សំណាង ក៏បានចុះអង្កេតផ្ទាល់លើដីទំនាស់ និងបានបើកសាវនាការសម្រេចក្តីឲ្យឈ្នះលោក កើត សារ៉េត។ ចំណែកលោក កើត សារ៉េត ក្រោយពីចាញ់ក្តីនៅសាលាឧទ្ធរណ៍ ក៏ប្តឹងសារទុក្ខទៅតុលាការកំពូល ដែលក្រោយមកតុលាការនេះបានបង្វិលសំណុំរឿងទៅឲ្យសាលាដំបូងខេត្តកណ្ដាលឲ្យកាត់ឡើងវិញ ប៉ុន្តែលោក កើត សារ៉េត គាត់មិនព្រមទៅសាលាដំបូងវិញទេ។ ដូច្នេះទីបំផុតតុលាការកំពូលក៏សម្រេចចេញសាលដីកាឲ្យលោកចាញ់ក្តីយ៉ាងអយុត្តិធម៌បំផុត។
ប្រតិកម្មនឹងផែនការអនុវត្តបង្ខំយកដីនេះ លោក មាស សុផាត ធ្លាប់បានប្រកាសជាបណ្តាំចុងក្រោយចំពោះកូនៗថា «ថ្ងៃទី១៦ ឧសភា ២០១៩ ជាថ្ងៃតុលាការអនុវត្តសាលដីកា ជាថ្ងៃខ្ញ៉ំត្រូវបាត់បង់ជីវិត។ លាហើយ! បងប្អូនអ្នកស្រុក អ្នកភូមិព្រែកព្នៅ។
លាហើយ! អាជ្ញាធរភូមិ សង្កាត់ ខណ្ឌព្រែកព្នៅ ដែលតែងតែជួយការពារ។ លាហើយ! បងប្អូន អ្នកកាសែត ដែលបានអាណិត និងខំប្រឹងរកយុត្តិធម៌ឲ្យ។ លាហើយ! គណបក្សប្រជាជន ដែលខ្ញុំបានបោះឆ្នោះគាំទ្រជាង៣០ឆ្នាំកន្លងមកនេះ! អាណត្តិក្រោយៗ លែងបានបោះឆ្នោតជូនសម្តេចទៀតហើយ តែអត់តែខ្ញុំម្នាក់ទេ កូនៗនៅតែបោះជូនសម្តេច ហ៊ុន សែន រហូតលុះក្ស័យ»។
ទាក់ទងនិងបញ្ហានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញធ្លាប់អះអាងថា ការសម្របសម្រួលនេះ ត្រូវបានធ្វើឡើងនៅក្នុងសាលារាជធានីភ្នំពេញតែម្តង ក្រោមការដឹកនាំរបស់លោក ហុង ហួលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ហើយបានជួបគូភាគី ដាច់ដោយឡែកពីគ្នា ដើម្បីស្វែងយល់ពីជំហររៀងៗខ្លួន។
លោកបានលើកឡើងថា ការសម្របសម្រួលនេះមិនទាន់ទទួលបានលទ្ធផលអ្វីធំដុំទេ ដោយសារការទាមទាររបស់គូភាគី នៅខុសគ្នាឆ្ងាយត្រង់ទំហំទឹកប្រាក់ ដែលភាគីនីមួយៗចង់បាន។ ពាក់ព័ន្ធករណីនេះ គឺភាគីពីរនាក់ហ្នឹងមានវិវាទបញ្ហាដី ហើយវាបានឈានដល់នីតិវិធីតុលាការទៅហើយ រហូតដល់ភាគីកំពុងតែកាន់កាប់ដី ដែលជាយោធិនពិការចាញ់ក្តី តែអាជ្ញាធរមិនចង់ឲ្យមានការអនុវត្តន៍ដោយបង្ខំ។
លោកបានបន្ថែមថា សាលារាជធានីភ្នំពេញ មិនទាន់ច្បាស់ថា នឹងសម្រេចយ៉ាងណានៅឡើយទេ ក្រោយពីបានដឹកនាំសម្របសម្រួល កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ប៉ុន្តែជាគោលការណ៍ គឺសាលាក្រុងមិនចង់ឲ្យមានការអនុវត្តន៍ដោយបង្ខំនូវដីកាតុលាការឡើយ។