ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងរៀបចំដែនដី​ បង្កើតក្រុម​អធិការ​កិច្ច​ ចុះពិនិត្យការងាររបស់ មន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ​

ភ្នំពេញ៖ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​  បានចេញសេចក្តីសម្រេចស្តីអំពី ការបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីសម្រេចលេខ ០៧២ សសរ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានចាត់តាំងមន្ត្រីចំនួន ៩​រូប​ ដោយមាន​ប្រធាន​ មួយរូប និងអនុប្រធានមួយរូប​។

សេចក្តីសម្រេចដដែលនេះ បានប្រគល់ តួនាទី​ និង​ភារកិច្ច​ សំខាន់ៗមួយចំនួន ដល់ក្រុមការងារ រួមមាន៖​
-​ ចុះធ្វេីអធិការកិច្ចលេីការងារសូរិយោដី​ ការងារ​សំណង់​ ការគ្រប់គ្រង​បុគ្គលិក​ និង​ការផ្ដល់សេវាសាធារណៈ​
-​ ត្រួតពិនិត្យ​ការអនុវត្ត​ផែន​ការ​ចុះបញ្ជី​ដីមានលក្ខណៈជាប្រព័ន្ធ​
-​ ធ្វើ​របាយការណ៍​លទ្ធផល​នៃការ​ធ្វើ​អធិការ​កិច្ច​ជូនក្រសួង​
-​ បំពេញ​ភារកិច្ច​ផ្សេង​ទៀតតាមការប្រគល់ជូនរបស់ក្រសួង​ ។

សូមបញ្ជាក់ថា លោក​ ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ​ គឺជាអតីតប្រធាន​ការិយាល័យ​សុរិយោដី​ ក្រុង​ប៉ោយប៉ែត​។

លោក ប្រាក់ ប៉ូលី នៅពេលឡើងកាន់ដំណែងជាប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ​ មានការរិះគន់ខ្លាំងចំពោះប្រព័ន្ធដឹកនាំការងាររបស់លោក ដែលឈានដល់មានសេចក្តីសម្រេចរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ចាត់ក្រុមការងារឲ្យចុះទៅធ្វើអធិការកិច្ចដើម្បីស្វែងរកការពិតតែម្តង។

គួរកត់សម្គាល់ថា ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់ ក្នុងប្រទេសកម្ពុជាកំពុងមានហាងឆេងល្អ សេចក្តីរាយការណ៍អំពីភាពស្មុគស្មាញនៃនីតិវិធីផ្ទេរកម្មសិទ្ធិអចលនវត្ថុ និងការសុំច្បាប់សាងសង់ បង្កឡើងពីសំណាក់មន្ត្រីជំនាញមួយចំនួន ក៏ហាក់ផ្ទុះឡើងច្រើនផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏ទើបតែឃាត់ខ្លួនមនុស្ស ៣នាក់ រួមមាន ប្រធាន, អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើស ជំរិតទារប្រាក់ពីពលរដ្ឋ ប្រមាណជា ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់រោងចក្រ៕