ភ្នំពេញ៖ លោកអ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយលោក SUZUKI Hiroshi ប្រធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចសម្រាប់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មផ្ទៃក្នុងជប៉ុន (JETRO) ។ កាលពីពេលថ្មីៗនេះបានបង្ហាញអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួង និងកំណែទម្រង់ថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកអ៊ុក ប្រជា ក៏បានលើកឡើងអំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកចំណាយវិស័យឯកជន ដូចជាការកែសម្រួលតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល, ការលុបចោលភ្នាក់ងារដឹកជញ្ជូនកាំសាប, ការមិនយកកម្រៃគ្រប់គ្រងការនាំចេញ, ការកាត់បន្ថយថ្លៃអគ្គីសនី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
លោក SUZUKI Hiroshi ប្រធានសេដ្ឋវិទូរូបនេះ ក៏បានសន្យាជួយផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ ទៅកាន់សមាគមធុរកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិន និងក្រុមហ៊ុនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត នៅក្នុងប្រទេសកម្ពុជា សំដៅផ្តល់ការងារជូនប្រជាជន និងចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា៕