ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិព័រណ៌វិស័យអគារ សំណង់ និងគ្រឿងអេឡិចត្រូនិចខ្នាតអន្តរជាតិឆ្នាំ២០១៩  ជាការទាក់ទាញអ្នកវិនិយោគ

 

ភ្នំពេញ៖ នាយកក្រុមហ៊ុន ABM Tarsus Events Group នឹងរៀបចំព្រឹត្តិការណ៍ពិរព័រណ៌វិស័យអគារ សំណង់ និងគ្រឿងអេឡិចត្រូនិចនៃសម្ភារៈសំណង់ ដែលជាបច្ចេកវិទ្យាចុងក្រោយ ហើយជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ នឹងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់អ្នកវិនយោគលើគ្រប់វិស័យឲ្យមកបណ្តាក់ទុនកាន់តែច្រើន ។

លោក Andrew Siow នាយកក្រុមហ៊ុន AMB Tarsus Events Group នឹងជាប្រធានរៀបចំគម្រោងតាំងពិព័រណ៍វិស័យអគារ សំណង់ និងឧស្សាហកម្មផ្នែកមេការនិច និងអេឡិចត្រូនិចខ្នាតអន្តរជាតិ លំដាប់ថ្នាក់លេខ១ បានថ្លែងក្នុង សន្និសីទសារព័ត៌មាន ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នេះថា ការរៀបចំតាំងពិព័រណ៌ឆ្នាំ២០១៩ នេះ ដែលគ្រោងរៀបចំឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។

លោក បន្តថា តាមរយៈនៃការព្រឹត្តិការណ៍នេះដែរ កម្ពុជាក៏មានឱកាសកាន់តែច្រើន ក្នុងការចាប់ជាដៃគូពាណិជ្ជកម្ម ជាពិសេសការនាំយកនូវផលិតផលទំនើបៗ និងទាន់សម័យ សម្រាប់គម្រោងសាងសង់ប្រកបដោយស្តង់ដារ ជាពិសេសក៏ជាឱកាសនៃការទាក់ទាញអ្នកវិយោគនៅលើវិស័យនេះ ឲ្យមកបណ្តាក់ទុនកាន់តែច្រើន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជាផងដែរ ។

លោកAndrew Siow បានថ្លែងទៀតថា នេះជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់ក្នុងការបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ដែលជាបច្ចេកវិទ្យាចុងក្រោយ សម្រាប់វិស័យសំណង់ ដែលមានប្រមាណជាង ៥០០ក្រុមហ៊ុន  ដែលនាំយកមកនូវម៉ាកយីហោរល្បីៗ ដាក់តាំងបង្ហាញ នឹងជាតម្រូវការមួយឆ្លើយតប តាមការអភិវឌ្ឍន៍នៃវិស័យសំណង់នៅកម្ពុជា ។

សូមបញ្ជាក់ថា វិស័យសំណង់ គិតមកដល់គិតត្រឹម ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេស មានចំនួនប្រមាណ ២២៣២ គម្រោង ដោយមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះសរុប ៣៣៧៣ លានដុល្លារអាមេរិក បានវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ៧,២ លានមែ៉ត្រការ៉េ ក្នុងនោះបើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅលើវិស័យនេះដែរ នៅក្នុងឆ្នាំ២០១៩ នេះ វិស័យសំណង់និងបន្តកំណើនរឹងមាំ ក្នុងអត្រាប្រមាណ ១៧,៣% និង ១៦,១% នៅឆ្នាំ២០២០ ខាងមុខ ៕