លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហានេះថា ការសាកល្បងចុងក្រោយនូវមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់របស់កូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣១ ខែកក្កដាកន្លងទៅនេះ មិនធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងនោះទេ ដែលនេះ បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox Business News ។
លោក John Bolton បានបន្ថែមថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង នឹងនៅតែបន្តធ្វើឡើងនៅពេលខាងមុខ ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិករូបនេះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់នូវកាលបរិច្ឆេទដែលភាគីទាំងត្រូវចាប់ផ្តើមកិច្ចចរចានោះទេ ដោយគ្រាន់តែលើកឡើងថា ភាគីទាំងពីរនឹងជួបចរចានៅពេលខាងមុខ ៕