ភ្នំពេញ៖ គម្រោងវិនិយោគ នៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តលើគម្រោងសរុបចំនួន ៧៦២ គម្រោង មានទំហំទឹកប្រាក់សរុបជាង ២ម៉ឺនលានដុល្លារអាមេរិក ដោយគិតចាប់ពីឆ្នាំ២០១៦ ដល់ឆមាសទី១ ឆ្នាំ២០១៩ នេះ។
លោក ឯក ថា អនុប្រធានអង្គភាពប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសឲ្យដឹង ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ស្តីពី សមិទ្ធផលរយៈពេល ០១ឆ្នាំ ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មកដល់ពេលនេះគម្រោងវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័ត ចាប់ពីឆ្នាំ២០១៦ ដល់ឆមាសទី១ ក្នុងឆ្នាំ២០១៩។ ក្នុងនោះ នៅឆ្នាំ២០១៦ មានចំនួន ១៧១ គម្រោង ទឹកប្រាក់វិនិយោគសរុមជាង ៣៦០០ លានដុល្លារ។
ឆ្នាំ២០១៧ មាន ១៨៣ គម្រោង ចំនួនទឹកប្រាក់វិនិយោគ សរុបមានជាង ៦៣៣១ លានដុល្លារ។ ឆ្នាំ២០១៨ មានចំនួន ២៥៥ គម្រោង ទុនវិនិយោគសរុប មានជាង ៦៤៥១ លានដុល្លារអាមេរិក។
ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០១៩ ( រយៈពេល ៦ខែដើមឆ្នាំ២០១៩ ) មាន ១៥៣ គម្រោង ទឹកប្រាក់វិនិយោគសរុបបមានជាង ៥១៨១ លានដុល្លារ៕