ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍៖ ខេត្តចំនួន៣នឹងក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២​នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ មាន ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination​)​ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្​រ។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។

លោករដ្ឋមន្រ្តី  និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែល្អ​ប្រសើរ​​ និងដើម្បីបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង និងបន្តការស្នាក់នៅយូរបន្ថែមទៀត ។

លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងទាំងនេះ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រុងទាំង៣​ខាង​លើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ផងដែរ។ ដើម្បីធានាបាននូវការស្នាក់នៅរយៈពេលយូរ ​របស់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ចាំចាច់ត្រូវមានការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន៕