ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រក ប ដោយបរិយាប័ន្ន»សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។

លោក ​​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ កាលពី​​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ផងដែរ។

លើសពីនេះលោក​បន្ថែមថា​​ ដើម្បីធានាបាននូវការស្នាក់នៅរយៈពេលយូរ របស់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ចាំចាច់ត្រូវមានការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន។ ​​ជាទស្សនវិស័យគន្លឹះសំខាន់ៗ ដល់ក្រុមជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងដំណើរកិច្ចសហប្រតិបត្តិការជំរុញរៀបចំក្រុងនៃខេត្តទាំងបីខាងលើនេះ។

កម្ពុជា​​បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរ និងដើម្បីបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង និងបន្តការស្នាក់នៅយូរបន្ថែមទៀត៕