ព្រះវិហារ ៖ លោក អ៊ឺម សំអឿន ជាប្រធានក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី បានទទួលលិខិតអនុញ្ញាតិពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយយោងលើឯកសារស្របច្បាប់របស់ក្រុមហ៊ុន លោក អ៊ឺម សំអឿន បានបញ្ជាឲ្យមេការរបស់លោកដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែរនោះនាំគ្នាចូលទៅកាប់ឈើដើម្បីលក់ឲ្យក្រុមហ៊ុនរបស់ខ្លួនយ៉ាងអនាធិបតេយ្យ ។
ក្រុមហ៊ុន អឿន សុវណ្ណ ខូអិលធីឌីគឺពិតជាមានលិខិតអនុញ្ញាតិពីក្រសួងពាក់ព័ន្ធនិងអាជ្ញាធរខេត្តព្រះវិហារនិងមន្ទីរពាក់ព័ន្ធស្របច្បាប់តែក្រុមហ៊ុន អឿន សុវណ្ណ ខូអិលធីឌី គឺមិនបានអនុវត្តន៍តាមច្បាប់អនុញ្ញាតិរបស់ក្រសួងនិងមន្ទីរពាក់ព័ន្ធឡើយ ។
យោងមន្ត្រីនិងប្រជាពលរដ្ឋនិយាយថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី បានបង្កើតរោងចក្រអារច្រៀក កែច្នៃ និងផលិតគ្រឿងសង្ហារឹមមួយកន្លែងក្នុងមានទីតាំងនៅចំណុចអូរស្នៀតស្ថិតក្នុងភូមិអូរ ស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីប្រមូលទិញផល-អនុផលព្រៃឈើដឹកចូលយ៉ាងអនាធិបតេយ្យពីគ្រប់ទីកន្លែងដោយដាក់គរដូចភ្នំក្នុងក្រុមហ៊ុន ។
ដើម្បីអារច្រៀកកែច្នៃ សម្រាប់ដឹកចេញបន្តយកទៅលក់នៅតាមដេប៉ូឈើនានា ជាច្រើនកន្លែងក្នុងប្រទេស និងមួយចំនួនទៀតដឹកជញ្ជូនយកទៅលក់ក្រៅប្រទេសរៀងរាល់ថ្ងៃជ្រកក្រោមរូបភាពក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី ស្របច្បាប់។
ប្រជាពលរដ្ឋរស់នៅក្បែរក្រុមហ៊ុន សំអឿន សុវណ្ណ បាននិយាយថា ក្រុមហ៊ុនរបស់លោក អ៊ឹម សំអឿន បានដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងដោយបើកចំហទាំងយប់ទាំងថ្ងៃ រីឯសមត្ថកិច្ចជំនាញពាក់ព័ន្ធការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ថ្នាក់មូលដ្ឋាននិងសន្តិសុខបានត្រឹមដាក់កំលាំងពង្រាយ នៅតាមតូបក្រោមដើមឈើរងចាំរាប់ចំនួនគោយន្តដឹកឈើនិង ឡានប៉ាកុង ឡានយីឌុក និងចាំជួយការពារសុវត្ថិភាពអ្នកដឹកឈើព្រមទាំង កត់ត្រា លេខឡានដើម្បីរាយការណ៍តាមទូរស័ព្ទទៅបក្សពួកគេ។
ជារៀងរាល់យប់ថ្ងៃ គេតែង ឃើញមានគោយន្តនិងឡានប៉ាកុង ឡានយីឌុបធំៗរាប់សិបគ្រឿងត្រូវបានគេបញ្ឈរត្រៀបត្រានៅតាមដងផ្លូវក្បែរក្រុមហ៊ុនសំអឿន សុវណ្ណ រងចាំចូលទៅខាងក្នុងដើម្បីដឹកឈើចេញពីរោងចក្រដើម្បីទៅផ្គត់ផ្គង់តាមដេប៉ូដោយមានមន្ត្រីជំនាញ និងកងកម្លាំងជួយការពារសម្រួលមធ្យោបាយយ៉ាងរលូនដោយមិនអោយមានការរំខានពីសមត្ថកិច្ចណាឡើយ។
ប្រជាពលរដ្ឋផ្សេងទៀតនិយាយទៀតថា ក្រុមហ៊ុននេះសព្វថ្ងៃ បានព័ទ្ធរបងបាំងជិតកុំឲ្យគេមើលឃើញ អំពីសកម្មភាព កែច្នៃ ឈើរបស់ពួកគេ។ នៅតាមព្រៃរបោះ ជុំវិញបរិវេណ រោងចក្រអារឈើ មានកម្លាំងសន្តិសុខ កាន់វិទ្យុទាក់ទងគ្រប់ដៃដេកក្នុងអង្រឹងយាមប្រចាំការមិនឲ្យនរណាចេញចូលក្រៅពីអ្នកលក់ឈើនោះទេ ។
ពលរដ្ឋសង្ស័យថា បើក្រុមហ៊ុនមួយនេះមិនមានខ្នងក្រាស់ៗក៏មិនអាចជួលសន្តិសុខទៅយាមឲ្យគេឡើយហើយក៏មិនហ៊ានដាក់បង្ហាញជាសាធារណៈកណ្តាលវាលនោះទេ។
ពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ជានិងអោយបង្កើតឲ្យមានគណៈកម្មការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើដោយអនុញ្ញាតឲ្យប្រើឧទ្ធម្ភាគចក្រយោធា២គ្រឿងសម្រាប់ប្រតិបត្តិការណ៍។
ផ្ទុយទៅវិញ ក្រុមហ៊ុន សំអឿន សុវណ្ណ នៅតែហ៊ានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើដោយបានដំឡើងម៉ាស៊ីន អារឈើខ្នាតយក្សអារច្រៀកឈើធំៗកងរំពងពេញព្រៃនិងដឹកជញ្ជូនឈើប្រណិតនិងឈើលេខ២ស្ទើរខ្ទេចផ្លូវនៅក្នុងស្រុកឆែបជាប់ព្រំប្រទល់ស្រុកជ័យសែនខេត្តព្រះវិហារ។
មិនតែប៉ុណ្ណោះ ទង្វើខាងលើនេះ សបញ្ជាក់អោយឃើញថា លោក អ៊ឹម សំអឿន ជាប្រធានក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី គឺមិនបានគោរពតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីនិងប្រមុខថ្នាក់ដឹកនាំក្រសួង មន្ទីរពាក់ព័ន្ធឡើយ។
សៀវភៅរាជកិច្ច ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បានសម្រេចកាត់ដីទំហំ ៤៣៣៤,៦១ហិកតារ នៅស្រុកជ័យសែន និង ស្រុកឆែប ខេត្តព្រះវិហារពីគម្របព្រៃឈើ និងពីដីសម្បទានសេដ្ឋកិច្ចដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋសម្រាប់ ធ្វើប្រទានកម្មជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៧៥៨គ្រួសារ។
ទាក់ទងនិងករណីនេះមិនអាចសុំការបំភ្លឺពីលោក អ៊ឹម សំអឿន ប្រធានក្រុមហ៊ុនសំអឿន សុវណ្ណ ខូអិលធីឌីបាននៅឡើយ។