ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហានេះ និងបានជំរុញឲ្យអង់គ្លេសប្រឆាំងនឹងប្រទេសចិន និងអ៊ីរ៉ង់ ក្នុងសំណុំរឿងប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G របស់ក្រុមហ៊ុន Huawei ចិន ។
លោក John Bolton បាននិយាយថា ចំណងមិត្តភាពរវាងអង់គ្លេស និងសហរដ្ឋអាមេរិកគឺនៅដដែល ទោះបីជាចក្រភពអង់គ្លេស កំពុងរៀបចំខ្លួនចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែតុលា ចុងឆ្នាំ២០១៩នេះក៏ដោយ ។
សូមបញ្ជាក់ថា អាមេរិកមិនចង់ឲ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន មានអង់គ្លេសជាដើម ប្រើប្រាស់ និងទិញសម្ភារៈប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G របស់ក្រុមហ៊ុន Huawei ចិននោះទេ ដោយអាមេរិកបានចាត់ទុកថា ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G របស់ក្រុមហ៊ុន Huawei ចិនអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ ៕