ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសការនាំចេញផលិផលទៅកាន់ប្រទេសធំៗ ដូចជាប្រទេសចិនតែម្តងដោយសារកម្ពុជាមានភាពអនុគ្រោះលើពន្ធនាំចេញគ្រប់បែបយ៉ាង ជាពិសេសការផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ចំពោះអ្នកមកវិនិយោគទុននៅកម្ពុជា ។
រដ្ឋលេខាធិការ បានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្នុងវេទិការថួឡឹ (Tuole) កម្ពុជាប្រចាំឆ្នាំ ២០១៩ ជាមួយលោក លី លីងបូ (Li Lingbo) លេខាបក្សរងទីក្រុងផាន់ចូវ និងជាអភិបាលទីក្រុងផាន់ចូវ ប្រទេសចិន ។
នៅក្នុងពិធីនេះ លី លីងបូ (Li Lingbo) លេខាបក្សរងទីក្រុងផាន់ចូវ និងជាអភិបាលទីក្រុងផាន់ចូវ ប្រទេសចិន បានលើកឡើងថា ទីក្រុងផាន់ចូវ ជាទីក្រុងមួយដែលមានសក្តានុពលសំបូរទៅដោយធនធានធម្មជាតិ ប្រចាំភាគខាងត្បូងនៃប្រទេសចិន ដូចជាធ្យូងថ្ម រ៉ែដែក រ៉ែមាស និងមានរ៉ែជាច្រើនប្រភេទទៀត ។ បច្ចុប្បន្ននេះ ប្រទេសចិន កំពុងក្លាយជាចលករមួយយ៉ាងសំខាន់ ក្នុងការជរុញបង្កើតឲ្យមានអគ្គិសនី ដែលមានតម្លៃថោកសមរម្យ ។
លោកលី លីងបូ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ ទីក្រុងផានចូវ នឹងបើកឲ្យមានឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មផលិតឧបករណ៍ផ្សេងៗដូចជា ឧស្សាហកម្មរ៉ែ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មឱសថ ឧស្សាហកម្មផ្នែកទេសចរ និងមានបច្ចេកវិទ្យាព័ត៌មានទំនើប សរុបទាំងអស់មានប្រមាណ៩ឧស្សាហកម្មធំៗ ។
លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ក្នុងនោះប្រទេសចិនជាដៃគូមួយយ៉ាងសំខាន់ ជាក់ស្តែងចំពោះផែនការដែលបានកំណត់ រវាងរដ្ឋាភិបាលនៃទាំងពីរ នៅលើការធ្វើពាណិជ្ជកម្ម ក្នុងនោះនៅឆ្នាំ២០២០ នឹងជម្រុញការធ្វើពាណិជ្ជកម្មឲ្យកើនឡើងដល់ ៦ពាន់លានដុល្លារ ជាក់ស្តែងដោយសារកម្ពុជាមានភាពអនុគ្រោះគ្រប់បែបយ៉ាង បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងជាង ៦ពាន់ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨ ពោលគឺលើសផែនការដែលបានគ្រោងទុក ក្នុងនោះរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានកំណត់ផែនការវិនិយោគថ្មី គឺជម្រុញការធ្វើពាណិជ្ជកម្មឲ្យឈានឡើងដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ សារជាថ្មី ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម កម្ពុជា និងចិន បានកំណត់ទិសដៅថ្មី នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ពីរឲ្យដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខណៈដែលទំហំពាណិជ្ជកម្ម ក្នុងពេលបច្ចុប្បន្នបានកើនឡើងលើសការគ្រោងទុក ៕