ព្រះសីហនុ៖ ក្រុមហ៊ុន Yunnan ចិនមានគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់។
ក្នុងជំនួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែសីហានេះ លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan បានឲ្យដឹងថា ក្រុមហ៊ុនបានសិក្សាខ្លះៗនូវប្រព័ន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ។ លោកថា ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។
លោក គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការគម្រោងប្លង់គោល ថាតើមានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូមុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយះពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃអនុម័ត។
លោកអភិបាលខេត្ត បានស្នើរឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍ នាទិសនិរតី៕