ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ទំនិញនាំចូលតាមច្រកស្រុកកោះធំ គឺគេចពន្ធខ្លះនឹងបង់ពន្ធមិនគ្រប់ខ្លះ ដើម្បីរកចំណេញចែកជាមួយមន្ត្រីគយ

កណ្តាល៖ រថយន្តដឹកទំនិញ ដែលសង្ស័យថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ របស់លោកឧកញ៉ា សុខ ថៃ ដែលបានធ្វើចរាចរណ៍នាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកកោះធំ ក្នុងខេត្តកណ្តាល ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីគយ ប្រចាំនៅច្រកទ្វារអន្តរជាតិនេះឡើយ។

តាមការបញ្ជាក់ពីក្រុមឈ្មួញដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម បានឲ្យដឹងថា ទំនិញរបស់លោកឧកញ៉ា សុខ ថៃ​​​ ត្រូវបានដឹកមកស្តុក នៅក្នុងឃ្លាំងជាច្រើនកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុងដែនដីត្រួតត្រាបង់ពន្ធរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្តកណ្តាល។

ប្រជាពលរដ្ឋបានអះអាងថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មានពីរទីតាំងផ្សេងគ្នា គឺស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងខេត្តតាកែវ បានប្រាប់ ឲ្យដឹងថា លោកឧកញ៉ា សុខ ថៃ តែងតែដឹកទំនិញគ្រប់ប្រភេទ ដោយមិនមានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ចូលតាមច្រកអន្តរជាតិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានបុរសម្នាក់ ជាជនជាតិវៀតណាម ឈ្មោះ យ៉ាំង ជាអ្នកគ្រប់គ្រង។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ  ឈ្មោះ យ៉ាំង បានទទួលស្គាល់ថា លោកពិតជាអ្នកនាំទំនិញទាំងនេះ ចូលតាមច្រកជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល
និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ​​​ ពិតប្រាកដមែន ប៉ុន្តែលោកបានអះអាងថា ទំនិញទាំងនេះ ជារបស់អភិបាលរងខេត្តកណ្ដាលម្នាក់ ដែលលោកមិនបញ្ចេញឈ្មោះ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថា ទំនិញរបស់លោក គឺសុទ្ធសឹងជាទំនិញគេចពន្ធ ឬបង់ពន្ធមិគ្រប់ បុរសឈ្មោះ យំាង បានសារភាពថា ជាទូទៅលោកតែងតែធ្វើបែបនេះ ដោយលើកហេតុផលថា បើមិនធ្វើដូច្នេះទេ លោកមិនអាចរកប្រាក់ចំណេញសម្រាប់ចែកជាមួយមន្ត្រីគយប្រចាំច្រកព្រំដែន និងមេគយខេត្តកណ្តាលឡើយ។

លោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល និងលោកឧកញ៉ា សុខ ថៃ នៅរសៀលថ្ងៃទី១២ ខែសីហានេះ សារព័ត៌មានដេលីខ្មែរ មិនអាចសុំការបំភ្លឺបានឡើយ ។

ក្រុមឈ្មួញរកស៊ីឆ្លងដែន នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ រួមទាំងប្រជាពលរដ្ឋ បានសំណូមដល់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មេត្តាស៊ើបអង្កេតឃ្លាំងស្តុកទំនិញសង្ស័យគេចពន្ធដើម្បីបញ្ជាក់ឲ្យច្បាស់ពីសុច្ចរិតភាពនៃការរកស៊ីប្រកួតប្រជែងក្នុងទីផ្សារដូចគ្នា៕