ភ្នំពេញ៖ ក្រោយពេលបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Hidehisa HORINOUCHI បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានកត់សម្គាល់ពីការរីកចម្រើននៃវិស័យនេះយ៉ាងល្អប្រសើរ តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
លោក HORINOUCHI បានបញ្ជាក់បែបនេះក្នុងឱកាសទទួលជួប និងជម្រាបលា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
លោកអគ្គរាជទូតបានរំលឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ២ រួមមាន៖
ទី១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស បានចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ និង
ទី២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីក្របខណ្ឌសម្រាប់ភាពជាដៃគូព័ត៌មាន សម្រាប់ប្រតិបត្តិការសមស្របនៃប្រព័ន្ធទទួលយកធនធានមនុស្សបរទេស ដោយមានឋានៈនៃការស្នាក់នៅនៃពលករជំនាញ បានចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោកបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានទទួល និងបណ្ដុះបណ្ដាលកម្មសិក្សាការីកម្ពុជា ឱ្យទទួលបានប្រាក់បៀរវត្សខ្ពស់ និងចំណេះជំនាញយ៉ាងល្អប្រសើរ ដែលបានរួមចំណែកជួយជំរុញជីវភាពរបស់ពួកគេឱ្យមានភាពរីកចម្រើនបានមួយកម្រិតថែមទៀត។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះកិច្ចប្រតិបត្តិការក្នុងប្រទេស ជប៉ុនបានបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជា។ ម្យ៉ាងទៀត ក្រុមហ៊ុនវិនិយោគជប៉ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏មានការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតផងដែរ ដូចជាបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ពិសេសជប៉ុនក៏បានជួយជំរុញការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)ជាដើម។
ក្នុងឧ៌កាសនោះលោកបណ្ឌិត អ៊ិត សំហេង និងលោក HORINOUCHI បានឯកភាពគ្នាថា នឹងអនុវត្តកិច្ចព្រមព្រៀង លើការបញ្ជូនកម្មសិក្សាការីផ្នែកថែទាំមនុស្សចាស់ទៅប្រទេសជប៉ុនឱ្យបានត្រឹមត្រូវ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ក្រោយពេលបណ្ដុះបណ្ដាលបំពាក់បំប៉ននៅក្នុងប្រទេសកម្ពុជារួចរាល់។
សូមជម្រាបថា នៅសល់ប្រមាណ២សប្ដាហ៍ទៀតលោក HORINOUCHI នឹងចាកចេញពីប្រទេសកម្ពុជាត្រឡប់ទៅប្រទេសជប៉ុនវិញហើយ៕