ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច ដើម្បីជំរុញឲ្យប្រព័ន្ធពាណិជ្ជកម្មកម្ពុជាកាន់តែទំនើប

 

ភ្នំពេញ៖ គណៈកម្មការជំនាញរដ្ឋសភាទំាងពីរ បានជួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិចនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច នឹងរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថា ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិច និងឌីជីថល ចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទាំង ត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។

លោកជំទាវ មានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទាំងក្នុងប្រទេស និងអន្តរជាតិ តាមរយៈការបង្កើតភាពប្រាកដ ប្រជាផ្នែកគតិយុត្ត និងការទទួលស្គាល់យថាភូតភាព សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាន។

លោក ប៉ាន សូរស័ក្តិ បានប្រាប់គណៈកម្មការជំនាញរដ្ឋសភាថា សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក្នុង និងក្រៅប្រទេស ប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិច កំណត់ត្រាអេឡិចត្រូនិច និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិច ព្រមទាំងមានការទទួលស្គាល់យថាភូតភាពនៃកំណត់ត្រាអេឡិចត្រូនិច និងហត្ថលេខាអេឡិចត្រូនិច ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយ ស្ថាប័នរដ្ឋ។

គណៈកម្មការជំនាញនៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះផលប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ។ គណៈកម្មការជំនាញរដ្ឋសភា បានឯកភាពលើខ្លឹមសារ សេចក្តីព្រាងច្បាប់ និងសម្រេចថានឹងដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចដាក់ ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕