ភ្នំពេញ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាថ្ងៃទីមួយ នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងតែដំណើរការ នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសនោះ មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពផងដែរ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។
យោងតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕