ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា និង កូនប្រុស ពីបទឆបោក ក្រោមរូបភាពលក់ដីខ្យល់របស់ក្រុមហ៊ុន 7NG នៅឃុំវិហារសួគ៌

ភ្នំពេញ៖ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមមាត្រា៣៩១ និង មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ឬ ហៅថាសាមញ្ញថា ជាដីកាចោទប្រកាន់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ លោកព្រះរាជអាជ្ញា កែវ សុធា បានគូសសញ្ញា “ធិធ” ដាក់ឲ្យ (ជនត្រូវចោទទាំង២នាក់) ស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើស កុំឲ្យកើតឡើងជាថ្មី និង ធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។ ប៉ុន្តែបច្ចុប្បន្ននេះ ជនត្រូវចោទទាំង២នាក់ កំពុងស្ថិតនៅក្រៅឃុំ ។

តាមអង្គហេតុ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ ឈ្មោះ ឈុន ណាវី ភេទស្រី អាយុ៣៨ឆ្នាំ បានទិញដីទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីរបស់ក្រុមហ៊ុន 7NG ពីឈ្មោះស្រី សុធា គឺ មានឯកសារត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីតែប៉ុណ្ណោះ ។

នៅដើមឆ្នាំ២០១៩ នេះ ឈ្មោះ ឈុន ណាវី មានបំណងធ្វើរបងថ្ម ជុំវិញដីរបស់ខ្លួន ស្រាប់តែឈ្មោះ ស្រី សុធា និង ឈ្មោះ ស្រី ចន្ធូ ពុំមានដីដូចទីតាំងខាងលើឲ្យឈ្មោះ ឈុន ណាវី ឡើយ ។

ខណៈពេលនោះក៏មានផ្ទុះការតវ៉ាដល់ទីស្នាក់ការក្រុមហ៊ុន 7NG ផងដែរ ។ ប៉ុន្តែឧកញ៉ា ស្រី សុធា បានចេញមុខសម្របសម្រួលដោយសន្យាថា នឹង​ប្រគល់​ដី​ជូន​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៩​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ជា​កំហិត​ ។

ក្នុង​លិខិត​ធានា​អះអាង​ ចុះ​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ឧកញ៉ា​ ស្រី​ សុធា​ បាន​សន្យា​ចំនួន​៨ចំណុច​ដល់​អតិថិជន​ ដោយ​នៅ​ចំណុច​ទី១​ សរសេរ​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រគល់​ដី​ឬ​សំណង់​ជូន​អតិថិជន​ ឱ្យ​អស់​រួច​រាល់​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ តទៅ​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ជា​កំហិត​”

លិខិត​ដដែលនោះឧកញ៉ា​ ស្រី​ សុធា​ បញ្ជាក់តថា​ ក្នុង​ករណី​ដល់​ថ្ងៃ​កំណត់​ខាង​លើ​ បេីសិន​ជា​ក្រុមហ៊ុន​មិន​មាន​ដី​ជូន​អតិថិជន​នោះ​ទេ​ ក្រុមហ៊ុន​នឹង​ធ្វើការ​ទូទាត់​ប្រាក់​ថ្លៃ​ទិញ​លក់​ដី​ទៅ​តាម​ទីផ្សារ​ដែល​កំណត់​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ ។

ជាមួយគ្នានេះ ដែរនៅមានសំណុំរឿងផ្សេងទៀត ដែល លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបណ្តឹងព្រហ្មទណ្ឌមួយ ដែលប្តឹងឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ពាក់ព័ន្ធបទល្មើសឆបោក ដោយទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ពាក់ព័ន្ធដីនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បណ្តឹងព្រហ្មទណ្ឌនេះ បានប្តឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលរហូតមកទល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

ដេីមបណ្តឹង សង្ឃឹមថា តុលាការនឹងចាត់ការបណ្តឹងនេះ ដោយតម្លាភាពនិងឆាប់រហ័សព្រោះមានរយៈពេលជាង១ឆ្នាំមកហើយ នៅពុំទាន់សម្រេចនៅឡើយទេ  ៕