ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស៊ុន ចាន់ថុល ដាក់ចេញ៧ចំណុច​​ពង្រឹងការ​អនុវត្តតួនាទី ​ភារកិច្ចនិង​ក្រម​សីលធម៌របស់មន្ត្រី​ក្រោម​ឱវាទ

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រ​សួង​សាធារការ និង​ដឹង​ជញ្ជូន​ នៅថ្ងៃទី១៩ ខែសីហា នេះ បាន​ដាក់ចេញ​នូវ​សេចក្ដី​ណែនាំ​ចំនួន ៧ ចំណុច​ដល់​មន្ត្រី​ក្រោម​ឱវាទរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ​ដើម្បី​អនុវត្ត​ការងារ​ភារកិច្ច ប្រ​កប​ដោយ​ក្រម​សីល​ធម៌។

សូមបញ្ជាក់ថា​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ មានមន្ត្រី​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​ម្នាក់​បានប្រព្រឹត្ត​នូវកំហុសឆ្គង​ តាមរយៈ​ការប្រើ​ប្រាស់​ អាកប្បកិរិយា​ មិនសមរម្យ​ ដោយបាន​យក​ជើង​ចង្អុល​​​ស្លាក​​លេខ​រថយន្ត​​អ្នក​ទៅ​ទទួលសេវា​ ក្នុងពេល​ផ្តល់សេវា​ជូនប្រជាពលរដ្ឋ។

យោងតាមសេចក្តីណែនាំចុះហត្ថលេខា ដោយរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រាប់មន្ត្រី​ក្រ​សួង​អនុវត្ត​​ដូច​ខាង​​ក្រោម៖

១. ត្រូវ​បំពេញ​តួនាទី​បម្រើ​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ ភាព​ស្មោះត្រង់ សេចក្ដី ថ្លៃថ្នូរ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់។

២. ត្រូវ​ប្រកាន់​ខ្ជាប់ឥរិយាបទ​ជាមន្ត្រី​ល្អ ជាអ្នក​បម្រើ​ល្អ និង​ផ្ដល់សេវា​សាធារណៈ​ល្អដល់​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​ដោយ​វិជ្ជាជីវៈ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​ការ​យក​ចិត្ត​ទុក្ខ​ដាក់ខ្ពស់​ ដើម្បី​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ
ទំនុកចិត្ត និង​ការ​គោរព​ស្រឡាញ់​ជូនប្រជា​ពល​រដ្ឋ​ទូទៅ។​

៣. ត្រូវ​កែ​សម្រួល​របៀប​របប​ការងារ​ ដើម្បី​ឆ្លើយតបទៅ​នឹង​សេចក្ដី​ត្រូវ​ការ​ជាក់​ស្តែង​ជូន​ប្រ​ជាពល​រដ្ឋ​ដែល​មក​ទទួលសេវា​ឲ្យ​បាន​ល្អ​បំផុត។

៤. ​ត្រូវ​ផ្ដល់ពត៌មាន​ឲ្យ​បាន​ច្បាស់លាស់​នូវនីតិវិធី​ និង​បែប​បទ​ផ្សេងៗ​ ស្រប​តាមបទ​បញ្ញត្តិ​ច្បាប់​ដែល​ពាក់​ព័ន្ធ​ និង​ត្រូវ​ដោះស្រាយ​ជូនប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ទាន់ពេល​វេលា និងមាន​ប្រ​សិទ្ធភាព​ខ្ពស់បំផុត​។

៥. ​ត្រូវ​ចូល​រួម​អនុវត្ត​យន្តការ​កាត់​បន្ថយ​នីតិវិធី​ស្មុគស្មាញ​ និង​ស៊ាំញ៉ាំ ដើម្បី​ភាព​ងាយ​ស្រួលដើម្បី​ប្រជា​ពល​រដ្ឋ​ងាយ​ស្រួល​ទទួល​សេវាសាធារណៈ។

៦.​ មិន​ត្រូវ​ប្រើ​ប្រាស់​តួនាទី​ និង​មុខ​តំណែងរបស់​ខ្លួន​ឯង​ទៅគំរាម​កំហែង​ ឬបង្ក​ការលំបាក​ដល់​ប្រ​ជា​ពល​រដ្ឋ​ឡើយ។

៧. ​ត្រូវ​ចេះ​សម្រប​សម្រួល និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រ​សួង ស្ថាប័ន​មាន​សមត្ថកិច្ច និងអាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់ជាន់ថ្នាក់​ដើម្បី​បំពេញ​តួនាទី​បម្រើ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ល្អ​បំផុត៕