ភ្នំពេញ៖ លោកឧកញ៉ា ទ្រី ភាព ដែលមហាជនទូទៅស្គាល់ថា ជាអ្នកជំនួញដ៏ល្បីល្បាញ ពេលនេះ បានទទួលសញ្ញាបត្រ បណ្ឌិតផ្នែកពាណិជ្ជកម្ម នៅប្រទេសថៃ។ ព្រះអង្គម្ចាស់ក្សត្រី សុរិន្ទ ថន បានប្រគល់សញ្ញាបត្រដល់លោកឧកញ៉ា ទ្រី ភាព ត្រូវបានគេបង្ហោះផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ។
ជុំវិញការទទួលសញ្ញាបត្របណ្ឌិតផ្នែកពាណិជ្ជកម្មនេះ មិនទាន់មានការបកស្រាយបំភ្លឺបែបណាពីលោកឧកញ៉ា ទ្រី ភាព នៅឡើយទេ។
តាមឯកសារបានបង្ហោះផ្សព្វផ្សាយ បង្ហាញថា លោកឧកញ៉ា ទ្រី ភាព កើតនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៦៥ ជាប្រធានក្រុមហ៊ុន ទ្រីភាព គ្រុប និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកឧកញ៉ា ទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ IIC នៅប្រទេសកម្ពុជា ផងដែរ។
ឯកសារដដែល បង្ហាញថា លោកឧកញ៉ា ទ្រី ភាព បានចាប់ផ្តើមបើកអាជីវកម្មលក្ខណៈគ្រួសារ លើផ្នែកអចលនទ្រព្យ ក្រុមហ៊ុនសំណង់ និងចុងក្រោយនេះ លោកឧកញ៉ា បានវិនិយោគលើផ្នែកកសិឧស្សាហកម្ម ក្រុមហ៊ុននាំចេញ នាំចូល វិស័យទេសចរណ៍ ដឹកជញ្ជូន ផែស្ងួត និងក្រុមហ៊ុនប្រេងឥន្ធនៈ។ សរុបមក នៅពេលបច្ចុប្បន្ននេះ លោកឧកញ៉ា ទ្រី ភាព បានក្រុមហ៊ុន ចំនួន ១៤ ដែលស្ថិតនៅក្រោមក្រុមហ៊ុន Try Pheap Group Co., LTD៕