ភ្នំពេញ៖ រថយន្តទំនើបៗជាង ៥០០ គ្រឿង នាំចូលអត់បង់ពន្ធ ត្រូវបានឃាត់ទុក នៅក្នុងឃ្លាំងរបស់គយ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងរាជធានីភ្នំពេញ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ធ្វើឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានផ្សព្វផ្សាយនូវសកម្មភាពក្រុមការងារអន្តរក្រសួង បានចុះត្រួតពិនិត្យរថយន្ត មានភាពមិនប្រក្រតី ត្រូវបានឃាត់ទុកមួយចំនួន ក្នុងចំណោមជាង ៥០០គ្រឿង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ការចុះពិនិត្យរថយន្តជាក់ស្តែង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីវាយតម្លៃលើភាពមិនប្រក្រតីនៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានផ្លាកលេខ ពាក់ផ្លាកលេខក្លែងក្លាយ ពាក់ផ្លាកលេខ បានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេង ជាដើម…។ល។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសញ្ជាក់ថា រថយន្តដែលត្រូវបានឃាត់ទុកនោះ មានជាង ៥០០គ្រឿង ក្នុងនោះ ជាង ២០០គ្រឿង ត្រូវបានចាប់ដោយគយចល័ត ព្រោះមានទិន្នន័យកំណត់គោលដៅច្បាស់លាស់ពីប្រព័ន្ធបច្ចេកវិទ្យាក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្រសួងបញ្ជាក់ថា «កិច្ចខិតខំប្រឹងប្រែងនេះ ក៏បានចូលរួមធ្វើឱ្យចំណូលពន្ធនាំចូលយានយន្ត មានការកើនឡើងប្រមាណ ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧»។
ក្រសួងសាធារណការ និងដឹកជញ្ជូន មិនបានបញ្ជាក់ថា ម្ចាស់រថយន្តទំនើបៗ ដែលត្រូវបានឃាត់ទុកនេះ ជានរណា ហើយមិនត្រូវឃាត់ខ្លួន និងនាំចូលរថយន្តទាំងនោះ ចូលមកដោយរបៀបណានោះទេ។ ពោលគឺឃាត់បានតែឡានប៉ុណ្ណោះ ។
តាមរូបថត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយ គឺក្នុងចំណោមរថយន្ត ដែលបានឃាត់ទុកនោះ មានទាំងស្លាកលេខធម្មតា ស្លាកលេខរដ្ឋ ខេមរភូមិន្ទ និងនគរបាល ជាដើម។
ចំពោះករណីនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបនឹង comments របស់អ្នកហ្វេសប៊ុកថា «ផ្លាកដែលចាប់បានជាមួយរថយន្តទាំងនោះ ជាផ្លាកផលចោរកម្ម និងផ្លាកក្លែងក្លាយ»៕