ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រើវិធានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្តន្ទាទោស និងពិន័យជាប្រាក់។ ឈ្មោះឧក្រិដ្ឋជនព្រៃឈើនឹងត្រូវបានចារលើថ្ម ដាក់តាំងនៅកន្លែងប្រព្រឹត្តិបទល្មើសផងដែរ។
យោងតាមលិខិតចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានឃើញ និងឯកភាពលើរបាយការណ៍ ស្តីពី លទ្ធផលនៃការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដូចខាងក្រោម៖
១-មោឃភាព ឬលុបចោលនូវលិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើ ចេញពីដីសម្បទាន “LP” និងលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ “PC” ទាំងអស់ ដែលចេញនាពេលកន្លងទៅ ដើម្បីរៀបចំចេញលិខិតអនុញ្ញាតសាជាថ្មី ងាយស្រួលគ្រប់គ្រង។
២-ឲ្យក្រសួង ស្ថាប័នជំនាញត្រួតពិនិត្យ មោឃភាព និងដកហូតសិទ្ធិពីក្រុមហ៊ុន ដែលមិនគោរពច្បាប់ មិនគោរពកិច្ចសន្យា មិនគោរពកិច្ចព្រមព្រៀង។
៣-អនុញ្ញាតប្រមូលវត្ថុតាង មធ្យោបាយនៃបទល្មើស ដែលបានកម្ទេចចោល យកមករក្សាទុកផ្តុំកន្លែងមួយកំណត់ ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើតុលាការ។
៤-បង្កកទ្រព្យសម្បត្តិរបស់បុគ្គល ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្តន្ទាទោស និងពិន័យជាប្រាក់។
៥-ឃោសនា អប់រំ និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងកិច្ចការពារព្រៃឈើរបស់រាជរដ្ឋាភិបាល ព្រមទាំងបង្ការទប់ស្កាត់ការប្រព្រឹទ្ធបទល្មើសព្រៃឈើ ចារឹកឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលា ដាក់តាំងនៅកន្លែងគំនររថយន្ត ដែលជាមធ្យោបាយបំផ្លាញព្រៃឈើ។
ក្នុងលិខិតដដែល បានសម្រេចប្រគល់ជូនលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំការប្រជុំ ដើម្បីកំណត់ទីតាំង និងចំនួនរោងសន្និធិផល អនុផលព្រៃឈើ ដែលមានប្រភពពីដីសម្បទានក្រោមរូបភាពជា “ច្រកចេញចូលតែមួយ” ដើម្បីឲ្យប្រជាជនមានឈើប្រើប្រាស់ដោយមិនធ្វើការដឹកជញ្ជូនឆ្ងាយពេក។
សូមរម្លឹកថា កាលពីខែកក្កដា និងខែសីហា ថ្មីៗនេះក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី និងនៅខេត្តក្រចេះ មានឧកញ៉ា ២នាក់ គឺឧកញ៉ា សឹង សំអុល និងឧកញ៉ា គង់ គ្រឹង រួមទាំងឈ្មួញឈើជាច្រើនទៀត ត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធបទល្មើសឈើនេះផងដែរ ។
សូមបញ្ជាក់ថា ការសម្រេចនេះ បានធ្វើឡើងតាមចំណាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕