(ភ្នំពេញ)៖តំណាងក្រុមហ៊ុនBridgemount Ltd របស់ចក្រភពអង់គ្លេស ដែលមានឯកទេសផ្នែកប្រឹក្សាយោបល់លើវិស័យវិស្វកម្មបានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
គម្រោងខាងលើត្រូវបានបង្ហាញ តាមរយៈជំនួបពិភាក្សាទ្វេភាគីរវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ខាលយ៉ាន ហ្គូស (Kalyan Ghosh) នាយកក្រុមហ៊ុន Bridgemount Ltdកាលពីថ្ងៃចន្ទទី ២៦ខែសីហា ឆ្នាំ២០១៩នៅទីស្តីការក្រសួងជុំវិញប្រធានបទ កាលានុវត្តភាពវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោក ខាលយ៉ាន ហ្គូស (Kalyan Ghosh) នាយកក្រុមហ៊ុន Bridgemount Ltd បានលើកឡើងថា គោលបំណងរបស់ក្រុមហ៊ុន Bridgemount Ltd ព្រមទាំងគម្រោងដែលក្រុមហ៊ុនរបស់លោក បានផ្តល់សេវាប្រឹក្សានិងសហការវិនិយោគមានដូចជា ការថែទាំសុខភាព ការផលិតទឹកស្អាត ការដំឡើងស្ថានីយថាមពលព្រះអាទិត្យ និងការគាំទ្របច្ចេកទេសកសិកម្ម។
លោកស្រីរដ្ឋលេខាធិការ តឹករ៉េត កំរង បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើហើយកម្ពុជាមានកំណើនសេដ្ឋកិ គោលនយោបាយវិនិយោគព្រមទាំងវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-ប២០២៣។
លោកស្រីរដ្ឋលេខាធិការក៏បានលើកទឹកចិត្ត លោកនាយកក្រុមហ៊ុន និងសហការី បន្តជួបពិភាក្សាអំពីគម្រោងនេះ ជាមួយស្ថាប័នពាក់ព័ន្ធមានដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់អំពីនីតិវិធី និងលក្ខខណ្ឌតម្រូវផ្សេងៗ។
ក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្របសម្រួលលិខិតបទដ្ឋាន គតិយុត្ត ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រ ទេស កម្ពុជា ដោយស្របច្បាប់ និងទទួលបានជោគជ័យ។