ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី១ ត្រូវបានបញ្ចប់នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៩។ កិច្ចប្រជុំជាលើកទី២ នឹងធ្វើនៅដើមខែកញ្ញាខាងមុខនេះបន្តទៀត ដើម្បីពិភាក្សា និងផ្តល់យោបល់បន្ថែមលើការកំណត់យកតួរលេខណាមួយពីភាគីនិយោជក និងសហជីព។
លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺការជ្រើសរើសអនុប្រធានមកពីខាងភាគីសហជីព (តំណាងឲ្យកម្មករនិយោជិត) និងភាគីនិយោជក ដើម្បីរៀបចំយន្តការឲ្យដំណើរការពេញលេញនូវភាគីនីមួយៗចំនួន ១៧រូប ដើម្បីបន្តកិច្ចពិភាក្សានិងកំណត់ផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាមកឲ្យក្រសួងការងារដើម្បីសម្រេចជាចុងក្រោយសម្រាប់ឆ្នាំ២០២០ខាងមុខ។
លោករដ្ឋមន្រ្តី បានអះអាងថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ខាងមុខ នឹងល្អប្រសើរជាងឆ្នាំ២០១៩ ប៉ុន្តែចំពោះតួលេខប៉ុន្មាន គឺមិនអាចបញ្ជាក់បានទេនៅពេលនេះ ដោយរងចាំកិច្ចចរចាបន្ត រវាងទ្វេរភាគី (សហជីព និងនិយោជក) ជាមុនសិន និងរងចាំសម្រេចចុងក្រោយពីភាគរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបញ្ជាក់ពីលទ្ធផលសម្រេចក្នុងកិច្ចប្រជុំថា ការបោះឆ្នោតជ្រើសរើសអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចំនួន២
ទី១.លោកសោម អូន ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ។
ទី២.លោកឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជា្ជជីវៈរបស់និយោជក៕