ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួង នឹងតាមស្ថានភាពបច្ចុប្បន្នលើវិធានការបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ក្រុងកម្រិតធ្ងន់ធ្ងរ ជាពិសេសការចាត់វិធានការ ចំពោះ ការរំលោភបំពានលើនិយាមការអូរធម្មជាតិទាំង ៥ ក្នុងក្រុងព្រះសីហនុ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី “វិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ” ។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ក្នុងនោះគណៈកម្មាធិការនឹងចាត់វិធានការអនុវត្តរយៈពេលវែង ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកក្នុងក្រុង ។ ស្ថានការបច្ចុប្បន្នតម្រូវឱ្យមានការគិតគូរលើវិធានការបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ក្រុងកម្រិតធ្ងន់ធ្ងរបន្តទៀត ជាពិសេសចំណាត់ការ បន្ទាន់ជាក់ស្តែង ចំពោះការរំលោភបំពានលើនិយាមការអូរធម្មជាតិទាំង ៥ ក្នុងក្រុង ។
ជុំវិញបញ្ហានេះត្រូវបង្កើនល្បឿនស្តារ និងជួសជុលកំណាត់ផ្លូវទាំង ២២ខែ្ស ដែលមិនទាន់បានបញ្ចប់ ។កក្រុមការងារដែលទទួលបន្ទុកសិក្សា ពីតម្រូវការជួសជុលនៃកំណាត់ផ្លូវកន្លងមក ត្រូវសិក្សា និងវាយតម្លៃឡើងវិញពីទំហំនៃការជួលជុល ព្រោះថាស្ថានភាពមានការប្រែប្រួលខ្លាំងនាពេលថ្មីៗនេះ ដែលបង្កដោយជំនន់ដោយទឹកភ្លៀង។ការដឹកលើសទម្ងន់ និងការបំពានចំណីផ្លូវជាដើម ក៏ដូចជាធ្វើការសិក្សាលើលទ្ធភាពក្នុងការពង្រីក និងកែលម្អផ្លូវវាងក្រុង ដើម្បីសម្រាលបន្ទុកចរាចរលើផ្លូវធំៗមួយចំនួន រាប់ទាំងកំណត់ផ្លូវជាតិលេខ៤ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចសារជាថ្មី ។
អង្គប្រជុំបានឯកភាពដាក់ចេញវិធានការបន្ទាន់ចំពោះមុខដូចជា ត្រូវស្តារអូរធម្មជាតិទាំង ៥ និងលូដែលមានស្រាប់ បច្ចុបុ្បន្នកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកហូរ និងដោះ ស្រាយជំនន់ដោយសារទឹកភ្លៀង ។
ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវម៉ឺងម៉ាត់ ដើម្បីឱ្យម្ចាស់សំណង់អគារ លំនៅដ្ឋានដែលសង់រំលោភលើលូ ប្រឡាយ ធម្មជាតិ ត្រូវរុះរើចេញជាដាច់ខាត ។ ចំពោះសំណង់អគារធំៗ ម្ចាស់សំណង់ត្រូវរៀបចំជីកប្រឡាយលូបង្ហូរទឹកវាងដោយរៀបចំជាសំណង់ បេតុងស្របតាមស្តង់ដារ ៕