ភ្នំពេញ៖ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ
បានបញ្ជូនជនជាតិអូស្ត្រាលី ២នាក់ និងស្ត្រីខ្មែរ ២នាក់ (ម្នាក់ជាម្ចាស់ទីតាំង)ពាក់ព័ន្ធបទល្មើស សញ្ចារកម្ម បើករង្គសាលបង្កប់សេវាផ្លូវភេទ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង រង្គសាលឈ្មោះ BUNNY ដែលស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចសង្ស័យថា ជាទីតាំងបង្កប់េសវាផ្លូវភេទ ទិញលក់កុមារីខ្មែរ។
សមត្ថកិច្ចនៅពុំទាន់បញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងសាវតាជាតិរបស់ជនសង្ស័យទាំងនោះនៅឡើយទេរហូតមកដល់ពេលនេះ។
ការចុះបង្ក្រាបទីតាំងខាងលើ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែររង្គសាល BUNNY ថាមានការប្រើប្រាស់កុមារមិនទាន់គ្រប់អាយុ និងបង្កប់ការជួញដូរផ្លូវភេទថែមទៀតផង។ ពេលចុះឆែកឆេរទីតាំងខាងលើ សមត្ថកិច្ចបានជួយសង្គ្រោះស្ត្រីខ្មែរជាជនរងគ្រោះ ចំនួន ០៨នាក់ ដែលមានទាំងអនីតិជនផងដែរ ៕