ភ្នំពេញ៖ ប្រទេសចិនបានយល់ព្រមទិញអង្ករពីកម្ពុជាក្នុងបរិមាណ ៤០ម៉ឺនតោនចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០ខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃទី១២ មេសាបានរៀបចំអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់ពាណិជ្ជកម្មអង្ករចូលទៅកាន់ទីផ្សារចិន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា រកម្ពុជា-ចិនបានឯកភាពគ្នាលើសេចក្តីព្រៀងអនុស្សរណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២របស់សម្តេចតេជោ ហ៊ុន សែននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩នេះ ។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងបន្ថែមទៀតថា ខាងភាគីចិនបានយល់ព្រមទិញអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន មានអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្កររបស់ប្រទេសកម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០១៩នេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។
លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា ចិនជាទីផ្សាររបស់ប្រទេសកម្ពុជា ដ៏សំខាន់ក្នុងការប្រកួតប្រជែងតម្លៃអង្ករជាមួយប្រទេសជិតខាងហើយក៏ជាឧបសគ្គមួយសម្រាប់កម្ពុជា ដើម្បីជំរុញការនាំចេញនោះទាមទារឲ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។
លោកឧកញ៉ាបានបន្ថែមថា រដ្ឋាភិបាលកម្ពុជា ជាអ្នកនៅពីក្រោយក្នុងកិច្ចការនេះ ដើម្បីឈានទៅរកការបើកច្រកទីផ្សារបន្ថែមទៀត ហើយរឿងសំខាន់ដើម្បីជំរុញការបើកច្រកទីផ្សារបានលុះត្រាតែមានការរូបរួមគ្នាជាកម្លាំងមួយមិនមែនតែសហព័ន្ធស្រូវអង្ករធ្វើតែឯងនោះទេ។
សូមបញ្ជាក់ថា កម្ពុជានាំចេញអង្ករច្រើនជាងគេ ទៅកាន់ប្រទេសចិន ដែលមានចំនួន១២ ម៉ឺន ៣ពាន់ ៣៦១តោន ខណៈដែលប្រទេសនេះ ផ្តល់កូតានាំចេញឲ្យកម្ពុជា រហូតដល់៤០ ម៉ឺនតោនក្នុង១ឆ្នាំក៏ដោយ ក៏ការនាំចេញមិនទាន់សម្រេច បានតាមគោលដៅឡើយ។
ប្រទេសសហគមន៍អឺរ៉ុបធ្លាប់តែជាគោលដៅធំទី១ ប៉ុន្តែឥឡូវគោលដៅធំទី២ ដែលមានចំនួន១០៤,៧៥៦តោន បន្ទាប់ពីសហគមន៍នេះ បានសម្រេចគិតពន្ធនាំចេញអង្ករ របស់កម្ពុជារយៈពេល៣ឆ្នាំ (២០១៩-២០២១)។អង្ករកម្ពុជាបានលក់ទៅក្នុងទីផ្សារប្រមាណ៥០ប្រទេសនៅលើពិភពលោក។ ដោយឡែកក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៦ក្រុមហ៊ុន។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕