ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីមកបំពេញ​ទស្សនកិច្ច​រយៈពេល៣​ថ្ងៃពី​ថ្ងៃទី​០២-០៤​កញ្ញា​

ភ្នំពេញ​៖ ​ថ្ងៃ​ចន្ទ ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ លោក មហា​ធា មហាម៉ាត់ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ម៉ាឡេស៊ី  មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ០៣​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០២-០៤ ខែកញ្ញា ឆ្នាំ​២០១៩​។​

 

លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​ក្នុង​ក្នុងអំឡុង​ទស្សនកិច្ច​នេះលោក​នាយករដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ី នឹង​ជួប​សំដែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​អំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួងការបរទេស បានប្រកាស​កាលពី​ថ្ងៃទី​៣០ ខែសីហា​ថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកបណ្ឌិត មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​០២-០៤ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ក្រសួងការបរទេសបានបញ្ជាក់ថា «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​បណ្ឌិត​មហា​ធា មហាម៉ាត់ នៅ​កម្ពុជា នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​»​។​

​ក្រៅពីនេះ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅរសៀលថ្ងៃទី០២ ខែកញ្ញានេះ លោកនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី មហាធា មហាម៉ាត់ នឹងចូលរួមក្នុងកិច្ចសន្ទនាពិសេស នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ស្តីពី “ការរក្សាតុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច នៅក្នុងបរិបទអាស៊ាន”។

​កើត​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​១៩២៥ លោក មហា​ធា ម៉ូ​ហា​ម៉ា​ដ (Mahathir Mohamad) បានឈ្នះ​ការបោះឆ្នោត កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨ និង​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្តងទៀត នៅ​ប្រទេស​ម៉ាឡេស៊ី​។ លោក​ជា​នាយករដ្ឋមន្ត្រី​ទី​០៧ បន្ទាប់ពី​លោក ណា​ជីព រ៉ា​ហ្សា​ក់​។

​នៅ​ឆ្នាំ​១៩៨១ លោក មហា​ធា មហាម៉ាត់ បាន​ចូលកាន់​ដំណែង ជា​នាយករដ្ឋមន្ត្រី ទី​០៤ របស់​ប្រទេស​ម៉ាឡេស៊ី រហូតដល់​ឆ្នាំ​២០០៣៕​